(កំពង់ចាម)៖ លោកបណ្ឌិត ម៉ាឈឿន តំណាងរាស្ដ្រខេត្ដកំពង់ចាម ជាសមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានថ្លែងថា ក្រោមដំបូលសន្ដិភាព ដែលដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្ដិភាព និងការអភិវឌ្ឍន៍ ដែលធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធា អាចធ្វើបុណ្យធ្វើទានបាន ទៅតាមប្រណីទំនៀមទំលាប់សាសនា ចាប់តាំងពីឆ្នាំ១៩៧៩ មកទល់បច្ចុប្បន្ននេះ ។
ការថ្លែងបែបនេះរបស់លោកបណ្ឌិត ម៉ា ឈឿន ក្នុងឱកាសដង្ហែរអង្គកឋិនសាមគ្គី នៅវត្ដសុវណ្ណគិរី ហៅវត្ដ ជើងឆ្នុក ស្ថិតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដែលអង្គកឋិនសាមគ្គីនេះ បាននាំយកបច្ច័យសម្រាប់កសាងវត្ដសរុបជាង ១០៤លានរៀល ។
តំណាងរាស្ដ្រកំពង់ចាម បានថ្លែងបញ្ជាក់ថា «នេះជាមោទនភាពណាស់ ដែលបានធ្វើបុណ្យកឋិនសាមគ្គីរួមគ្នា នេះក៏ដោយសារប្រទេសមានសុខសន្ដិភាព ដែលដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន យើងមានភ័ព្វសំណាងណាស់ បានធ្វើបុណ្យធ្វើទាន បានគោរពប្រពៃណីសាសនារបស់យើងជារៀងរហូត ចាប់តាំងពីឆ្នាំ១៩៧៩ មកទល់នឹងបច្ចុប្បន្ននេះ ហើយយើងត្រូវរួមគ្នារក្សាសុខសន្ដិភាពនេះបន្ដទៅទៀត» ។
បុណ្យកឋិន ជាពិធីបុណ្យមួយ ដែលចាប់ផ្ដើមធ្វើ បន្ទាប់ពីបុណ្យចេញវស្សាបុណ្យកឋិន តែងត្រូវបានដង្ហែរចូលគ្រប់ទីអារាមទាំងអស់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកក្តិក ពិធីដង្ហែរអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម សប្បាយរីករាយយ៉ាងក្រៃលែង ដែលបានរៀបចំបរិក្ខារកឋិនមានត្រៃចីវរ ចិវរ ស្បង់ ព្រមដោយទេយ្យទានផ្សេងៗទៀត ដូចជា៖ បាត ចានស្រាក់ គ្រែ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម រួមទាំងថវិកា សម្រាប់កសាងទីវត្ដអារាម។
សម្រាប់ពិធីដង្ហែរអង្គកឋិនទាន នៅថ្ងៃនេះ ក៏បានប្រព្រឹត្តទៅយ៉ាងអធឹកអធម ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ា ឈឿន និងគ្រួសារ រួមជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត យ៉ាងច្រើនកុះករ ដោយដង្ហែរអង្គកឋិនទានសាមគ្គី ព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ និងមានរៀបចំពិធីនមស្សការ ថ្វាយបង្គំព្រះ និងវេរអង្គកឋិនទាន ប្រគេនដល់ព្រះចៅអធិការវត្ត ជាកិច្ចឆ្លងបង្ហើយនៃកម្មវិធីបុណ្យផងដែរ។
ទន្ទឹមគ្នានោះដែរ តំណាងរាស្ដ្រ ម៉ា ឈឿន ក៏បានបួងសួងសូមឲ្យបុណ្យកុសលកើតចេញពីការធ្វើបុណ្យកឋិនទានសាមគ្គី នាំមកនូវសេចក្តីសុខចម្រើន ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ សប្បុរសជន និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ព្រមទាំងបានបួងសួងសុំឲ្យអំណាចនៃកុសលផលបុណ្យ ដែលចេញពីអង្គកឋិនទាន ជួយតាមឃុំគ្រងបីបាច់ថែរក្សាប្រជាជន និងប្រទេសកម្ពុជា សូមបានជួបតែសុខសន្តិភាព និងវឌ្ឍនភាពជានិច្ចនិរន្តរ៍តរៀងទៅ ៕