(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ករណីកម្លាំងសមត្ថកិច្ចចាប់ខ្លូនជនជាតិបរទេសម្នាក់ ដែលអាក្រាតកាយនៅមាត់សមុទ្រឆ្នេរអូឈើទាលនោះ កើតឡើងតាំងពីជាង១០ឆ្នាំមុន ពោលអំឡុងឆ្នាំ២០០៦-២០០៧ ប៉ុន្ដែអ្នកប្រើប្រាស់ Facebook មួយចំនួនទើបយកមកបង្ហោះជាថ្មី ក្នុងចេតនាមិនល្អ ឬគ្រាន់តែចង់បានការចាប់អារម្មណ៍។
លោកឧត្តមសេនីយ៍ស្នងការ បានរៀបរាប់ថា ក្នុងករណីចាប់ជនបរទេសដែលបានអាក្រាតកាយនៅមាត់សមុទ្រអូឈើទាល ដែលបានទើបបង្កការភ្ញាក់ផ្អើល តាមសង្គម Facebook និងបណ្តាញសង្គមផ្សេងៗថ្មីៗនេះ គឺកើតឡើងតាំងពីអំឡុងឆ្នាំ២០០៦-២០០៧ ហើយត្រូវបានសារព័ត៌មានជាភាសាអង់គ្លេសឈ្មោះ «Cambodia Expats Online» យកមកផ្សាយជាថ្មីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ និង Facebook ឈ្មោះ «Troll Cambodia 2017» យកមកផុសកាលពីថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៦ម្តងទៀត។
ក្នុងការស្រាវជ្រាវរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បច្ចុប្បន្នក្រោយពីមានព័ត៌មាននេះផ្ទុះឡើងម្តងទៀត បានរកឃើញថា កាលនោះជនបរទេសនេះ មានសភាពស្រវឹងជោគជាំខ្លាំងបាត់បង់ស្មារតី គ្មានម្ចាស់ការគ្រប់គ្រងខ្លួនឯង និងបានដើរស្រាតបង្កការអុកឡុក តាមអាហារដ្ឋាន តាមឆ្នេរអូឈើទាល និងបង្កការរំខាន បង្កជម្លោះជាមួយភ្ញៀវទេសចរដ៏ទៃទៀត ជាហេតុនាំឲ្យប្រជាពលរដ្ឋ អាជីវករ និងអ្នករត់ម៉ូតូឌុប ដែលនៅជិតនោះចាប់ចងប្រគល់ឲ្យ កម្លាំងនគរបាលប៉ុស្តិ៍ និងអធិការខណ្ឌមិត្តភាព (ដែលបច្ចុប្បន្ននេះ ជាក្រុងព្រះសីហនុ) នាំខ្លួនយកមកអប់រំណែនាំរួចរាល់ ហើយចាប់តាំងពីពេលនោះមក ខាងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្ត បានចុះធ្វើការណែនាំរឹតបន្តឹងភាពប្រាស្រ័យទាក់ទងរវាងកងកម្លាំងប្រដាប់អាវុធ និងភ្ញៀវជាតិ និងអន្តរជាតិ វិន័យកងកម្លាំងសមត្ថកិច្ច និងសីលធម៌ ដើម្បីបញ្ជៀសករណីណាដែលបង្កអសន្តិសុខសង្គម និងបង្កឲ្យបំផ្លាញដល់វប្បធម៌។
បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងមាត្រា២៤៩ក៏បានចែងពី បទបង្ហាញកេរ្ដិ៍ភេទជាសាធារណៈ អាចមើលឃើញត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃ ទៅ៣ខែ និងពិន័យជាប្រាក់ផងដែរ។
ដូច្នេះហើយសូមប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិទាំងអស់ សូមមេត្តាចូលរួមគ្នា និងសហការផ្តល់ព័ត៌មានពិត និងលើកស្ទួយមុខមាត់ខេត្តព្រះសហីនុ និងប្រទេសកម្ពុជា៕