(ភ្នំពេញ)៖ លោក William Heidt អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ជិតផុតអាណត្តិបានថ្លែងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានស្វាគមន៍ចំពោះ សាលក្រម ដែលកាត់ទោស ខៀវ សំផន និងនួន ជា ដាក់ពន្ធនាគារមួយជីវិត។
លោក William Heidt បានបញ្ជាក់នៅសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិកសូមស្វាគមន៍សាលក្រមនៅថ្ងៃនេះ ដែលកំណត់ឱ្យអតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន និង នួន ជា មានទោសក្នុងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍។ ថ្វីត្បិតតែត្រូវបានចេញយឺតក្តី តែវាជាជំហានជាប្រវត្តិសាស្រ្តសំរាប់ប្រទេសកម្ពុជា»។
លោកបានបន្តថា «សហរដ្ឋអាមេរិកសូមសាទរចំពោះជនរងគ្រោះ និងអ្នកគាំទ្ររបស់គេ ដែលបានខិតខំដោយគ្មានស្រាកស្រាន ដើម្បីឱ្យមានការទទួលខុសត្រូវ និងសូមសាទរចំពោះសាក្សីដែលមានសេចក្តីក្លាហានក្នុងការប្រាប់ពីការពិតប្រកបដោយការឈឺចាប់ ស្តីពីបទរំលោភដ៏គួរអោយខ្លាច ដែលគេបានទទួលរង។ យើងសូមសាទរផងដែរ ចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានផ្តល់ជាកន្លែងផ្តល់យុត្តិធម៌សំរាប់ជនរងគ្រោះដោយសារបទឧក្រិដ្ឋដ៏សែនយង់ឃ្នងរបស់របបខ្មែរក្រហម»។
សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅនេះ អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានប្រកាសសាលក្រមសំណុំរឿង ០០២/០២ ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទ នួន ជា និងខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហម ដាក់ពន្ធនាគារម្នាក់ៗមួយជីវិត។ ការសម្រេចនេះបាននាំឲ្យមានការសាទរពីសំណាក់ ប្រជាពលរដ្្ឋខ្មែរ និងបណ្តាប្រទេសជាច្រើនផ្សេងទៀត ដោយចាត់ទុកការសម្រេចនេះ ជាការផ្តល់នូវយុត្តិធម៌មួយដល់ពលរដ្ឋខ្មែរ ដែលរងគ្រោះក្នុងរបបដ៏ឃោរឃៅនោះ៕