(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានសម្ដែងនូវការកោតសរសើរ ប្រកបដោយមោទនភាពដល់លោកប្រធានមន្ទីរសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យក្នុងខេត្តព្រះវិហារ ដែលបានផ្តល់សេវាពិនិត្យសុខភាព ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយភាពជឿជាក់ រហូតធ្វើឲ្យប្រជាពលរដ្ឋឡាវ ក្នុងខេត្តចំប៉ាសាក់ ក៏មកទទួលការពិនិត្យព្យាបាលជំងឺពីក្រុមគ្រូពេទ្យរបស់យើងក្នុងមួយឆ្នាំៗរាប់រយនាក់ផងដែរ។
ការថ្លែងបែបនេះរបស់អភិបាលខេត្តព្រះវិហារ បានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងបុណ្យផ្កាប្រាក់សាមគ្គីសុខាភិបាល ដែលបានរៀបចំឡើងដោយ មន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅស្រុកជាំក្សាន្ត នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា វិស័យសុខាភិបាលនៅក្នុងខេត្តព្រះវិហារ មួយរយៈកន្លងមកនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងទទួលយកបាន ពិសេសជាងនេះ គឺបានកាត់បន្ថយការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅទទួលសេវាពិនិត្យព្យាបាលជំងឺ នៅតាមទីប្រជុំជនឆ្ងាយផងដែរ។ ទន្ទឹមនឹងនោះប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាលតាមព្រំដែន បានកាត់បន្ថយពីការព្យាបាលតាមបែបបុរាណ ងាកមកទទួលការព្យាបាលតាមវេជ្ជសាស្ត្រសុខាភិបាលវិញ ដែលធ្វើឲ្យអត្រាការស្លាប់បាត់បង់ជីវិតរបស់ប្រជាពលរដ្ឋមានការថយចុះ។
លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកវិស័យសុខាភិបាល ជាវិស័យអាទិភាព ហើយវិស័យនេះ គឺមានការរីកចម្រើនមិនថាទីក្រុង ឫទីជនបទទេ។ លោកបានជម្រុញឲ្យមន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំប្រឹងប្រែង ឲ្យអស់លទ្ធភាព ដើម្បីជាការផ្តល់នូវសេចក្តីជឿជាក់ដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាពិនិត្យជំងឺនៅតាមមន្ទីរពេទ្យ។
ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បញ្ជាក់ទៀតថា បុណ្យផ្កាប្រាក់សាមគ្គីសុខាភិបាល ដែលប្រារព្ធធ្វើនៅពេលនេះ គឺជាការប្រមូលគៀងគថវិកា សម្រាប់យកទៅកសាងរបងមន្ទីរពេទ្យឲ្យមានសោភណ្ឌភាព។ ទោះបីជាថវិកា ដែលបានមកពីការដង្ហែរបុណ្យផ្កាប្រាក់សាមគ្គី មិនគ្រប់ក្នុងការកសាងក៏ដោយ ប៉ុន្តែបានបង្ហាញឲ្យឃើញពីការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ។ ស្ថិតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានអញ្ចើញសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យស្រុកជាំក្សាន្តផងដែរ៕