(កំពង់ចាម)៖ លោកបណ្ឌិត មាស បូរ៉ា សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS ក្នុងសន្និសីទ ស៊ីយូអេស ២០១៨ ស្តីពីសិក្សានៅឧត្តមសិក្សា ដើម្បីឧត្តមភាពការងារ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ CUS ខេត្តកំពង់ចាម បានលើកឡើងថា មានចំណេះដឹង ជាដើមចម នាំឲ្យយើងទទួលបានជោគជ័យ។
ក្នុងឱកាសនោះ នាយកសាកលវិទ្យាល័យ CUS ខេត្តកំពង់ចាម លោក ហែម បញ្ញា បានថ្លែងថា សន្និសីទនេះធ្វើឡើងក្នុងគោលបំណង ជួយតម្រង់ទិសដល់សិស្សានុសិស្ស ក្នុងការជ្រើសរើសជំនាញ ឯកទេសសិក្សានៅថ្នាក់ឧត្តមសិក្សាឲ្យបានត្រឹមត្រូវ និងការស្វែងយល់អំពីកត្តាជោគជ័យក្នុងការងារ មុខរបរ និងការយល់ដឹងអំពីលក្ខណៈសម្បត្តិរបស់បុគ្គលជោគជ័យ សម្រាប់ជាជំនួយស្មារតីក្នុងការរៀបចំអនាគតរបស់ខ្លួនឲ្យបានប្រសើរ ព្រមទាំងបង្កើនភាពជាដៃគូ និងពង្រឹងកិច្ចសហប្រតិបត្តការរបស់សាកលវិទ្យាល័យ ជាមួយស្ថាប័ននានា ដែលមានសក្តានុពលជួយលើកស្ទួយ សេវានិស្សិតរបស់សាកលវិទ្យាល័យឲ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ CUS ក៏បានធ្វើបទបង្ហាញជាច្រើន ទៅដល់ក្រុមនិស្សិត ទាក់ទងទៅនិងប្រធានបទ ស្តីពីសិក្សានៅឧត្តមសិក្សា ដើម្បីអនាគតរុងរឿង និងជោគជ័យនេះ។
បន្ថែមពីនេះ លោកបណ្ឌិត មាស បូរ៉ា បានថ្លែងថា ក្នុងពិភពលោកមានអ្នកជោគជ័យជាច្រើន មានប្រភពចេញមកពីអ្នកក្រ ហើយផ្តើមចេញពីចំណេះដឹង ដែលបានមកពីការខិតខំតស៊ូ សិក្សា និងស្រាវជ្រាវ ទើបពួកគេបានទទួលជោគជ័យ។ បើទោះជាយ៉ាងនោះក្តី ពួកគេមិនបានបោះបង់ការសិក្សាទេ ពោលគឺគេនៅតែបន្តការសិក្សាស្រាវជ្រាវ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង មកធ្វើការអភិវឌ្ឍនខ្លួនរបស់គេ ដើម្បីដើរឲ្យទាន់សម័យកាល ជាពិសេសសម័យទំនើបដូចពេលបច្ចប្បន្ននេះ។
សាកលវិទ្យាធិការរូបនេះ បានសង្កត់ធ្ងន់ថា សូមអ្នកកុំបំផ្លាញគោលដៅធំរបស់អ្នក ដោយសារតែគោលដៅតូច ព្រោះដោយសារថា កន្លងទៅមាននិស្សិតខ្លះកំពុងតែរៀន ដើម្បីឈោងចាប់យកកិច្ចការធំៗ ហើយស្រាប់តែបោះបង់ការសិក្សាទៅធ្វើការងារតូចៗ ដែលធ្វើឲ្យខ្លួនបាត់បង់ឱកាស ក្នុងការចាប់យកការងារធំ ដូច្នេះប្រសិនបើយើងចង់តម្រង់ទិសឲ្យក្លាយទៅជាអ្នកមានការងារជំនាញ លុះត្រាតែយើងមានផែនការច្បាស់លាស់ ក្នុងការសិក្សានៅឧត្តមសិក្សានេះ នោះទើបអាចមានឱកាសឈានទៅរកឧត្តមភាពការងារបាន៕