(សឹង្ហបុរី)៖ ថ្លែងក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពិភពម៉ាឡាយូពិភពឥស្លាម (DMDI) លើកទី១៩ ប្រទេសសឹង្ហបុរី នៅថ្ងៃទី១៥-១៨ ខែវិច្ជិកា ឆ្នាំ២០១៨នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន DMDI ព្រមទាំងជាប្រធាន DMDI ប្រចាំកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំរយៈពេល៣ថ្ងៃ ក្រោមប្រធានបទស្តីពី «ការឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរ វប្បធម៌ សេដ្ឋកិច្ច និងសង្គម» បាននាំចំណាប់អារម្មណ៍យ៉ាងខ្លាំង ដល់សមាជិកមកពីប្រទេស២៣ ដែលជារដ្ឋ និងតំបន់ដែលនិយាយភាសាម៉ាឡាយូ ដោយមើលឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា។
បើតាមលោកទេសរដ្ឋមន្ដ្រី ជាពិសេសការវិនិយោគលើ វិស័យឧស្សាហកម្មហាឡាលកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលកំណើនសេដ្ឋកិច្ចនៅកម្ពុជាក្នុងអត្រាជាង៧% ប្រចាំឆ្នាំ ក្នុងរយៈពេលជាង២ទសវត្សរ៍ ហើយបានចេញជាអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា កាលពីឆ្នាំ២០១៦ ដែលធ្វើឲ្យវិស័យ ហាឡាលកម្ពុជា កាន់តែមានភាពជឿជាក់ពីបណ្តាអ្នកវិនិយោគ និងអតិថិជន អ្នកប្រើប្រាស់ទូទាំងពិភពលោក។
តាមការបញ្ជាក់របស់ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ សមាសភាពជាតំណាងប្រទេសសមាជិក DMDI ដែលដឹកនាំគណៈប្រតិភូចូលរួម ក្នុងកិច្ចប្រជុំកំពូលនេះ គឺថ្នាក់ដឹកនាំជួររដ្ឋាភិបាល ឥស្សរជន វិនិយោគិន សហគ្រិន ធុរៈកិច្ចជន មានចំនួន៣៤០នាក់ ដែលតំណាងមកពីបណ្តាប្រទេស រដ្ឋ តំបន់ នៅទូទាំងពិភពលោកចំនួន២៣ ដែលនិយាយភាសាម៉ាឡាយូ។
ក្នុងនោះរួមមាន កម្ពុជា ថៃ សឹង្ហបុរីម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី អារ៉ាប៊ីសាអ៊ូឌីត ប្រ៊ុយណេ ភីលីពីន ទីម័រ អង់គ្លេស ម៉ាដាហ្គាស្កា អូស្ត្រាលី អាហ្វ្រិកខាងត្បូង អេហ្ស៊ីប បូស្នីហ្ស៊េហ្គោវីណា ហូឡង់ ម៉ាល់ឌីវ បង់ក្លាដែស កាណាដា ស៊ូរីណាម ស្រីលង្កា ម៉ូរីស ដើម្បីពង្រឹងទំនាក់ទំនង និងផ្តោតសំខាន់នូវស្ថានភាពទូទៅលើការអភិវឌ្ឍ កិច្ចការសាសនា វិស័យសិក្សាធិការ ការគ្រប់គ្រងវិស័យហាឡាលពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសង្គម សេដ្ឋកិច្ច និងវប្បធម៌ ការប្រមូលវិស័យវ៉ាហ្គហ្វ (ទាយជ្ជទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគទ្រព្យ) បច្ចេកទេសគ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) កម្មវិធីយុវជន នៃបណ្តាប្រទេសជាសមាជិករបស់ DMDI។
គណៈប្រតិភូតំណាងប្រទេសនានា បានកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយក្តីគោរពស្រលាញ់ពេញចិត្ត ចំពោះការដឹកនាំប្រទេស ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសធ្វើឲ្យមានសុខដុមបនីយកម្មសាសនា៕