(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា សាលាកុមារពិការគថ្លង់ នឹងផ្ទេរឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ២០១៩ ប៉ុន្ដែសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែបន្ដឧបត្ថម្ភដល់សាលានេះដដែល ដូចសព្វមួយដង។

ការប្រកាសបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ​អញ្ជើញសួរសុខទុក្ខ ព្រមទាំងរៀបចំអាហារជូនកុមារពិការគ-ថ្លង់ និងកុមារកំព្រាសរុប ៨៧៨នាក់ មកពីសាលាគ្រួសារថ្មី និងមណ្ឌលកុមារកំព្រានានាក្នុងរាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឆ្នាំក្រោយត្រូវផ្ទេរ១០០ភាគរយ ដូច្នេះដល់ពេលវេលាមួយដែលក្រសួងអប់រំ យុវជន និងកីឡារបស់យើង ត្រូវទទួលយកនូវការទទួលខុសត្រូវ ហើយមិនមែនគ្រាន់តែទទួលយកនូវកន្លែងនេះមួយទេ ថ្ងៃក្រោយក៏ត្រូវត្រៀមទទួលយកនូវកន្លែងផ្សេងៗទៀត»។

ទន្ទឹងនឹងការផ្ទេរទៅឲ្យក្រសួងអប់រំ ជាអ្នកគ្រប់គ្រងពេញសិទ្ធិនោះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដាំផ្ញើទៅ​លោកគ្រូ អ្នកគ្រូ និងកុមារទាំងអស់ កុំមានការបារម្ភថា នៅពេលដែលមានការផ្ទេរការគ្រប់គ្រងទៅក្រោមក្រសួងអប់រំ យុវជន និងកីឡា បាត់ជំនួយឧបត្ថម្ភពីសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ពោលសម្ដេចនៅបន្ដឧបត្ថម្ភដដែល។

​បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នោះ​​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅតែបន្ដទទួលខុសត្រូវឧបត្ថម្ភដូចរាល់ដង គឺ២០លានរៀល ក្នុងមួយឆ្នាំ​ ហើយការទស្សនកិច្ចមួយឆ្នាំ២លើក នៅតែបន្ដ និង​ការផ្ដល់អង្ករ និងប្រាក់ប្រចាំខែ សម្រាប់មណ្ឌល៣នេះ បូកកុមារកំព្រាភ្នំពេញ ដូច្នេះសូមឪពុកម្ដាយ ឬអាណាព្យាបាលកុំមានការព្រួយបារម្ភ រហូតចង់យកកូនចេញពីសាលាជាដើមនោះ។

ឆ្លៀតក្នុងឱកាសនោះ​ សម្តេ​ចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីការជាប់រវល់ភារកិច្ចមួយចំនួន ដែលធ្វើឲ្យសម្តេចខកខាន មកជួបកុមារពិការគថ្លង់អស់ជាច្រើនឆ្នាំ។ តែទោះជាយ៉ាងណាសម្តេចមិនដែលភ្លេចពី ការបញ្ជូនអ្នកតំណាងមកចូលរួម និងផ្តល់នូវអំណោយជាប្រចាំខែ នោះឡើយ។

ជាមួយគ្នានេះ ​​សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ទៅកាន់​ថ្នាក់ដឹកនាំ ក្រសួងអប់រំ ក្រសួងសង្គមកិច្ច ត្រូវត្រៀមលក្ខណៈសម្បត្តិទ្រទ្រង់ ដល់សាលាកុមារពិការគថ្លង់ និងមណ្ឌលកុមារកំព្រានានា នៅពេលដែលបរទេសលែង ជួយទ្រទ្រង់ដល់សាលា និងមណ្ឌលទាំងនោះ ហើយសម្ដេចបានប្រាប់ដល់ ថ្នាក់ដឹកនាំស្ថាប័ននានា ក៏ដូចជាលោកគ្រូ អ្នកគ្រូតាមសាលាគថ្លង់ និងមណ្ឌលកុមារកំព្រាឲ្យយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់អប់រំផងដែរ៕