(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានរៀបចំពិធីក្រុងពាលីទូក ដើម្បីបញ្ជូនមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ នៅមុខព្រះបរមរាជវាំង។
ការរៀបចំពិធីក្រុងពាលីនេះ ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងសហការី ព្រមទាំងចំណុះទូកសរុបជិត២០០នាក់ផងដែរ។
សូមជម្រាបថា ទូក «ង» មកពីខេត្តព្រះវិហារ ដើម្បីចូលរួមប្រណាំងនេះ មានចំនួន២គ្រឿង ទី១៖ឈ្មោះ ព្រះវិហារសែនជ័យ ប្រវែង៣៤.២០ម៉ែត្រ ផ្ទុកកីឡាករ ចំនួន៧៧នាក់ និងទី២៖ឈ្មោះ កោះកែសែនជ័យបារមីព្រះអង្គខ្មៅ ប្រវែង៣៤.២០ម៉ែត្រ ផ្ទុកកីឡាករ ចំនួន៧៧នាក់ ដែលឧបត្ថម្ភគាំទ្រ ដោយនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។
ទូក «ង» ទាំងពីរនេះ ស្ថិតនៅក្នុងវត្តប្រាសាទជ័យព្រឹក្ស ភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ៕