(ភ្នំពេញ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំមន្រ្តីរាជការក្រោមឱវាទចូលគោរពវិញ្ញាណក្ខន្ធលោកតា ប្រាជ្ញ ឈួន អធិរាជចាប៉ីដងវែង ដែលបានទទួលមរណភាព នៅយប់ថៃ្ងទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងព្រះជន្ម៨២ឆ្នាំ ដោយជរាពាធ ហើយត្រូវបានយកមកតម្កល់ធ្វើបុណ្យ នៅសាលាធម្មសភាវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធធើ្វបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។
លោក អ៊ូច ភា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រូសារសព និងសម្ដែងការសោកស្ដាយ ក្ដីអាលះអាល័យជាពន់ពេក ចំពោះការបាត់បង់នូវវីរសិល្បករ ដ៏ល្បីល្បាញលោកតាព្រឹទ្ធភិរម្យវោហាសាស្រ្ត ប្រាជ្ញ ឈួន ដែលជាអធិរាជចាប៉ីដងវែង និងដែលត្រូវចាត់ទុក្ខជាសម្បត្តិបេតិភណ្ខមនុស្សអរូបិយ ដែលពិភពលោកទទួលស្គាល់ ថាគ្មានអ្នកណាម្នាក់ មានទឹកដម ទឹកដៃ និងវោហាសាស្រ្ត ប៉ិនប្រសប់សម្ដែងដូចលោកតានោះឡើយ។
ក្រៅពីចូលរួមរំលែកទុក្ខដល់ក្រុមគ្រូសារសព និងសំដែងនូវក្ដីសោកស្ដាយចំពោះការទទួលមរណភាពលោកតា ប្រាជ្ញ ឈួន, លោកអភិបាលខេត្តតាកែវ ក៏បាននាំមកនូវបច្ច័យចំនួន៣លានរៀល មកចូលបុណ្យសពផងដែរ។
សូមជម្រាបថា លោកតា ប្រាជ្ញ ឈួន ប្រសូត្រនៅខែតុលា ឆ្នាំ១៩៣៦ ជាកូនពៅក្នុងគ្រួសារកសិករ ដែលមានកូន០៦នាក់ នៅភូមិត្រពាំងកក់ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ៕