(បាត់ដំបង)៖ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ឡោក ហ៊ួរ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសង្កែ នាំបច្ច័យចំនួន៨៨លានរៀល ចូលរួមធ្វើបុណ្យកឋិនទាន២វត្ត ក្នុងចំណោមវត្តទាំង១៥ នៅខេត្តបាត់ដំបង។
ក្នុងនោះ នៅស្រុកសង្កែ គឺនៅវត្តទួលពន្លៃ ស្ថិតក្នុងភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ និងវត្តដំណាក់រទេះ ដែលមានពុទ្ធបរិស័ទ្ធមកពីស្រុកនានារួមគ្នា និងវត្តទួលពន្លៃក្នុងឃុំវត្តតាមិម និងនៅវត្តដំណាក់រទេះ ស្ថិតក្នុងភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ។
លោក ឡោក ហ៊ួរ បានថ្លែងសំណេះសំណាលទៅកាន់ពុទ្ធបរិស័ទ្ធទាំងអស់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រ បានផ្សារភ្ជាប់គ្នាតាំងពីបុរាណកាលមកទល់បច្ចុប្បន្ន គឺមិនអាចផ្តាច់ចេញពីគ្នាបានឡើយ ព្រោះរាជរដ្ឋាភិបាលបានកំណត់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដោយបាននាំគ្នាធ្វើអំពើល្អ មានសាមគ្គីភាពគ្នា ចេះស្រលាញ់គ្នាតាមព្រះឱវាទរបស់ព្រះពុទ្ធតរៀងមក។
លោកបានបន្តថា សូមប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធទាំងអស់ កុំចាញ់បោកគេដូចសម័យមុនៗ ដែលមានមេដឹកនាំមិនល្អកន្លងមក បានដឹកនាំឲ្យប្រទេសជាតិ ធ្លាក់ក្នុងភ្លើងសង្រ្គាម និរាស្រ្តព្រាត់ប្រាស់ ពិសេសធ្វើឲ្យប្រទេសជាតិបានធ្លាក់របបប្រល័យពូជសាសន៍ គ្មានសិទ្ធសេរីភាព ស្គាល់តែការតែកាប់សម្លាប់ ជាតិសាសន៍ឯង ពួកមេដឹកនាំបិទមិនឲ្យមានសាសនា សាលារៀន ផ្សារលក់ដូរអ្វីឡើយ។
លោក ឡោក ហ៊ួរ បានបញ្ជាក់ថា ក្រោយពីប្រទេសជាតិមានសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ កម្ពុជាខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន លើគ្រប់វិស័យ តាំងពីទីប្រជុំជនរហូតដល់ជនបទដាច់ស្រាយាល ហើយនៅចុងឆ្នាំ២០១៨នេះ កម្ពុជានឹងមានការប្រារព្ធពិធីបុណ្យដ៏ធំ ដើម្បីរំលឹកគោលនយោបាយឈ្នះឈ្នះ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងចង់បង្ហាញថា ដោយសារតែនយោបាយឈ្នះឈ្នះនេះហើយ ទើបប្រទេសជាតិ មានសន្តិភាពរហូតមកដល់នឹងពេលនេះ ជាពិសេសកម្ពុជាមានពេលវេលាគ្រប់គ្រាន់ ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការវិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យទាំងវិស័យរដ្ឋ និងវិស័យឯកជន ។
បុណ្យកឋិនទាននេះ គឺធ្វើឡើងក្រោមគំនិតផ្តួចផ្តើមពីសម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំចុះជួយមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តបាត់ដំបង ចំនួន១៥វត្ត ដោយឡែកនៅស្រុកសង្កែមាន២វត្ត ក្នុងនោះមានវត្តទួលពន្លៃ ស្ថិតក្នុងភូមិអូរស្រឡៅ ឃុំវត្តតាមិម បច្ច័យរបស់សម្តេច១៨,៣០០ដុល្លារ និងបច្ច័យពុទ្ធបរិស័ទ្ធចូលរួមសរុប ចំនួន២២,០០០ដុល្លារ។ ចំណែកវត្តដំណាក់រទេះ ស្ថិតក្នុងភូមិកាច់រទេះ ឃុំកំពង់ព្រៀង ជាកឋិនសាមគ្គីរបស់ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត និងថវិកាប្រធានក្រុមការងារមួយចំនួនផងដែរ៕