(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ខេត្តកំពង់ស្ពឺ រៀបចំការប្រឡងជ្រើសរើសមន្ដ្រីបម្រើការងារក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដែលមានបេក្ខជនចំនួន១២៥នាក់ ក្នុងនោះស្រី៤៤នាក់ ចូលរួមប្រឡងប្រជែង ដោយបែងចែកជា៥បន្ទប់។
សម្រាប់ការប្រឡងនេះ លោក សរ សុពុត្រា អភិបាលរងខេត្ត តំណាងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញហែកកញ្ចប់វិញ្ញាសារប្រឡង ដោយបានគូសបញ្ជាក់ថា ការប្រឡងនេះធ្វើឡើងដោយភាពត្រឹមត្រូវបំផុត ដូច្នេះទាមទាឲ្យអ្នកដាក់ពាក្យប្រឡងត្រូវមានចំណេះឲ្យពិតប្រាកដ និងតាមដានគ្រប់វិញ្ញាសារប្រឡង ដែលអានជូនដោយគណៈមេប្រយោគ។
លោកអភិបាលរងខេត្ត បានបន្តថា បេក្ខជនប្រឡងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញាញាណ ចំណេះដឹងរបស់ខ្លួន ដើម្បីប្រឡងឲ្យទទួលបាននូវជោគជ័យ ហើយការខិតខំប្រឹងប្រែង គឺដើម្បីអនាគត និងកិត្តិយសសម្រាប់ខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សង្គមជាតិផង។
បន្ថែមពីនេះ លោក សរ សុពុត្រា ក៏បានផ្តាំផ្ញើដល់បេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវប្រឡងត្រូវអនុវត្តតាមទៅបទបញ្ជាផ្ទៃក្នុងឲ្យបានល្អ មិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាសវិញ្ញាសា និងឧបករណ៍អេឡិចត្រូនិចមិនត្រូវយកចូល ក្នុងបន្ទប់ប្រឡងបានឡើយ៕