(ភ្នំពេញ)៖ លោកស្រី ញ៉ែម សាខន ស ខេង និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រមទាំងក្រុមការងារ បានរៀបចំពិធីសែនក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីសង់រោងតម្កល់ទូក ង វែងជាងគេលើពិភពលោករបស់ខ្មែរ នៅវាលព្រះមេរុដើម្បីត្រៀមដាក់តាំងបង្ហាញជូនពុកម៉ែបងប្អូនទស្សនាកំសាន្ត រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៤-៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។
សូមរំលឹកថា ទូក «ង» ដែលវែងជាងគេ ហើយផលិតដោយស្នាដៃកូនខ្មែរនេះ ត្រូវបានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក Pravin Patel អ្នកវិច្ឆ័យ World Guinness Record ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿងត្រើយខាងកើត ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ទូកនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះ រហូតដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក៕