(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឧត្តមភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញសួរសុខទុក្ខ ព្រមទាំងរៀបចំអាហារជូនកុមារពិការគ-ថ្លង់ និងកុមារកំព្រាសរុប ៨៧៨នាក់ មកពីសាលាគ្រួសារថ្មី និងមណ្ឌលកុមារកំព្រានានាក្នុងរាជធានីភ្នំពេញ។
ពិធីសួរសុខទុក្ខ និងការរៀបចំអាហារជូនកុមារពិការគ-ថ្លង់ និងកុមារកំព្រានេះ នឹងធ្វើនៅអង្គការគ្រួសារថ្មី ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីការជាប់រវល់ភារកិច្ចមួយចំនួន ដែលធ្វើឲ្យសម្តេចខកខានមកជួបកុមារពិការគថ្លង់អស់ជាច្រើនឆ្នាំ។ តែទោះជាយ៉ាងណាសម្តេចមិនដែលភ្លេចពី ការបញ្ជូនអ្នកតំណាងមកចូលរួម និងផ្តល់នូវអំណោយជាប្រចាំខែនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់កុមារពិការគថ្លង់ ក៏ដូចជាកុមារកំព្រាទាំងអស់ ឲ្យបន្តប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ថ្នាក់ដឹកនាំស្ថាប័ននានា ក៏ដូចជាលោកគ្រូ អ្នកគ្រូតាមសាលាគថ្លង់ និងមណ្ឌលកុមារកំព្រាឲ្យយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់អប់រំ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យអុំទូក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុគ្រោះពន្ធផ្តល់ជួនតែប្រទេសអភិវឌ្ឍន៍តិចតួច ហើយនឹងត្រូវដកចេញវិញនៅពេលប្រទេសនោះមានការអភិវឌ្ឍ ដើម្បីយកជំនួយទៅជួយដល់ប្រទេសផ្សេង។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅក្រសួងអប់រំ ក្រសួងសង្គមកិច្ចត្រៀមលក្ខណៈសម្បត្តិទ្រទ្រង់ដល់សាលាកុមារពិការគថ្លង់ និងមណ្ឌលកុមារកំព្រានានា នៅពេលដែលបរទេសលែង ជួយទ្រទ្រង់ដល់សាលា និងមណ្ឌលទាំងនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលាកុមារពិការគថ្លង់នឹងផ្ទេរទៅក្រសួងអប់រំគ្រប់គ្រងនៅឆ្នាំ២០១៩ ហើយសម្តេចតេជនៅតែបន្តឧបត្ថម្ភដល់សាលានេះដដែល។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថានៅវេលាម៉ោង៩៖២១នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ខ្សែកាប Fresh News៕