(បាត់ដំបង)៖ ប្រជាពលរដ្ឋ៣ភូមិ ក្នុងឃុំ២ នៅស្រុកសង្កែ ខេត្តបាត់ដំបង បានសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីប្រធានក្រុមការងាបានជួយជួសជុលផ្លូវក្រាលគ្រួសមិកប្រវែង៣,៥០០ម៉ែត្រ ជូនពួកគាត់សម្រាប់ធ្វើដំណើរប្រចាំថ្ងៃ ខណៈផ្លូវមួយខ្សែនេះពិតជាពិបាកធ្វើដំណើរ នាពេលកន្លងទៅ។
ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបរិវេណវត្តជោតិក ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ឡោក ហ៊ួរ តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ និងមានការចូលរួមពីថ្នាក់ដឹកនាំបក្សស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
អ្នកតំណាងរាស្រ្ត លោកបានសំណេះសំណាលជាមួយប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ថ្មីនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ជាប្រធានក្រុមការងារចុះជួយខេត្ត និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែបានដឹងសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងជាប្រចាំនោះ ក្រុមការងារចុះជួយមូលដ្ឋានបានចុះពង្រឹង កសាង និងអភិវឌ្ឍន៍នៅតាមមូលដ្ឋានលើគ្រប់វិស័យ មានសន្ធឹកសន្ធាប់ជាហូរហែរកន្លងមក ធ្វើឱ្យប្រជាពលរដ្ឋសប្បាយចិត្តក្រោមដំបូលសុខសន្តិភាពសុវត្តិភាពគ្រប់ទីកន្លែង។
អ្នកតំណាងរាស្រ្តបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងនាមអ្នកតំណាងរាស្រ្ត បានជួយដោះស្រាយតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជាក់ស្តែងយើងបានជួយជួសជុលផ្លូវក្រាលគ្រួសមិក មានប្រវែង៣៥០០ម៉ែត្រ និងទទឹងមានប្រវែង៣ម៉ែត្រកន្លះ ដោយធ្វើចាប់ពីភូមិជំនីក ឃុំអន្លង់វិល ដល់ភូមិស្វាយជ្រុំឃុំអូរដំបង២ស្រុកសង្កែ (ដោយមានឆ្លងកាត់៣ភូមិគឺភូមិជំនីក ភូមិស្វាយជ្រុំ និងភូមិអូរដំបង) ទុកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រយោជន៍សាធារណៈតទៅ។
ប្រជាពលរដ្ឋទាំងអស់ មានចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណជាខ្លាំង ដែលអ្នកតំណាងរាស្រ្ត បានផ្តល់និងការនូវការជួសជុលផ្លូវ១ខ្សែនេះ ធ្វើឱ្យពួកគាត់កាត់បន្ថយការលំបាកមួយចំនួនធំ ក្នុងការធ្វើដំណើរ ឬដឹកកសិផលមកទីផ្សារបានងាយស្រួលជាមុន៕