(ភ្នំពេញ)៖ សហគ្រិនវ័យក្មេង២រូបនៅកម្ពុជា បាននិពន្ធសៀវភៅចំនួនពីរក្បាល ដែលបង្ហាញពីតិចនិចក្នុងការធ្វើជំនួញ។ ការចង់ក្រងសៀវភៅនេះឡើងគឺ ដើម្បីជំរុញទឹកចិត្តយុវជនឲ្យហ៊ានចេញរកស៊ី និងចេញដោយចំគោលដៅ ព្រមទាំងទទួលបានភាពជោគជ័យ។
សៀវភៅ២ក្បាលនេះមានឈ្មោះថា «លក់អារម្មណ៍» និង «ត្រៀមចេញរកស៊ី» ដែលជាស្នាដៃនិពន្ធរបស់លោក សំ កុសល ស្ថាបនិកក្រុមហ៊ុន Business Cambodia និងលោក ម៉េង សុងហោរ សហស្ថាបនិកផ្សារខ្មែរ និងត្រូវបានសម្ពោធផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
សៀវភៅដែលមានចំណងជើងថា «លក់អារម្មណ៍» ត្រូវបាននិពន្ធដោយលោក សំ កុសល ដែលបានចំណាយពេល សិក្សាស្រាវជ្រាវពីអាជីវកម្មល្បីៗនៅសហរដ្ឋអាមេរិក និងប្រទេសឈានមុខមួយចំនួនទៀត។ សៀវភៅនេះត្រូវបានលោក សំយោគគំនិតសំខាន់ៗជាច្រើន ដើម្បីរួមបញ្ចូលគ្នាទៅក្នុងបរិបទអាជីវកម្មកម្ពុជា និងបានឆ្លុះបញ្ចាំងពីគំនិតអាជីវកម្ម និងក្រុមហ៊ុនធំៗក្នុងស្រុកជាច្រើន។
លោក សំ កុសល ឲ្យដឹងថា «ការលក់ដ៏ជោគជ័យគឺស្ថិតលើការ ចេះកសាងអារម្មណ៍ឲ្យបានត្រឹមត្រូវ តាមបរិបទនៃអាជីវកម្មរបស់ខ្លួន ធ្វើយ៉ាងណាឲ្យអារម្មណ៍ទាំងនោះចាក់ស្រេះ ក្នុងបេះដូងអតិថិជន ទើបការលក់នៅក្នុងអាជីវកម្មនោះមិនសាបសូន្យ»។
ចំណែកឯសៀវភៅដែលមានចំណងជើងថា «ត្រៀមចេញរកស៊ីឲ្យចំគោលដៅ» ឯណេះវិញត្រូវបានលោក ម៉េង សុងហោរ បានប្រមូលយកគំនិតខ្លឹម, ខ្លាំង, ខ្លីៗជាច្រើន របស់អាជីវកម្មជោគជ័យធំៗទាំងក្នុង និងក្រៅប្រទេសមកសំយោគ រកចំណុចរបត់ដែលធ្វើឲ្យអាជីវកម្មនានា ទទួលបានភាពជោគជ័យ រហូតគ្មានផ្លូវបែរថយក្រោយទៅរកភាពអន់ថយវិញ ជាពិសេសអ្នកចេញរកស៊ីថ្មីថ្មោងជួយឲ្យរកស៊ីចំគោលដៅ ប្រកបដោយទស្សនៈវិស័យច្បាស់លាស់។
លោក ម៉េង សុងហោរ បានឲ្យដឹងថា «មុនហ្នឹងធ្វើអាជីវកម្មម្ចាស់អាជីវកម្មគ្រប់រូប ត្រូវត្រៀមលក្ខណៈជាច្រើនមុនហ្នឹងចេញ អនុវត្តន៍មានជាអាទ៍ត្រូវត្រៀមកាយ, ត្រៀមចិត្ត, ត្រៀមគោលដៅ និងត្រៀមផ្លាស់ប្តូរ ដើម្បីរស់ជាដើម»។
លើសពីនេះលោកបានបញ្ចូល ចំណុចនៃភាពបរាជ័យអាជីវកម្ម របស់សហគ្រិននានាជាច្រើនដែលជ្រើសរើសដើរខុស ធ្វើឲ្យអាជីវកម្មផ្ងើរជើង ឬដួលជាដើម។
អ្នកនិពន្ធសៀវភៅទាំង២រូបនេះ បានបង្ហាញពីភាពជឿជាក់ និងជំនឿចិត្តថា សៀវភៅ២ក្បាលនេះនឹងបណ្ដុះគំនិតនានា របស់អ្នកដែលកំពុងរកស៊ីមិនចំគោលដៅ ឲ្យងាកមកចំគោលដៅ និងអ្នកដែលរកស៊ីបរាជ័យដើរមករផ្លូវជោគជ័យ និងអ្នកដែលមិនទានចេញរកស៊ី មានភាពក្លាហានក្នុងការរកស៊ី និងទទួលបានជោគជ័យ៕