(បន្ទាយមានជ័យ)៖ ដោយសារស្ថានភាពអាកាសធាតុមានការប្រែប្រួលខុសពីទម្លាប់ ដែលប៉ុន្មានឆ្នាំកន្លងមកនេះ ស្ថានភាពភ្លៀងដើមឆ្នាំបានលឿន និងចុងឆ្នាំអូសបន្លាយខុសប្លែក ហើយឆ្នាំ២០១៩ខាងមុខ អាចភ្លៀងដើមឆ្នាំមានសភាពយឺត ដែលជាហេតុបណ្តាលឲ្យមានការព្រួយបារម្ភ កង្វះខាតទឹកស្រោចស្រព និងប្រើប្រាស់។
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះដល់ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យជាក់ស្តែង ក្នុងការវាយតម្លៃនិងមានវិធានការបន្ថែម ចៀសវាងកុំឲ្យសភាពការណ៍ដូចឆ្នាំ២០១៦ កើតមានឡើងសារជាថ្មីទៀត។
ក្នុងដំណើរបេសកកម្មនេះ ក៏មានការចូលរួមយ៉ាងសកម្មផងដែរពីលោក សួន បវរ អភិបាល អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីមានការយល់ច្បាស់ពីសភាពការណ៍អាកាសធាតុ និងបណ្តាវិធានការដែលត្រូវប្រកាន់យក។
ដើម្បីចៀសឲ្យបាននូវបញ្ហាលំបាកជាយថាហេតុ លោករដ្ឋមន្ត្រី លឹម គានហោ បានដាក់វិធានការ៣ចំណុច ដល់មន្ត្រីពាក់ព័ន្ធ ត្រូវដោះស្រាយរួមមាន៖
១៖ យកចិត្តទុកដាក់ និងដោះស្រាយដោយប្រើប្រាស់គ្រប់លទ្ធភាព ជួយសង្គ្រោះដល់ការងារបង្កបង្កើនផល របស់ប្រជាកសិករ នៅគ្រប់កន្លែងដែលមានប្រភពទឹក។
២៖ ថ្នាក់ដឹកនាំក្រសួងទាំងអស់ ដែលមានការចាត់តាំងរួចជាស្រេច ត្រូវចុះក្តាប់និងដោះស្រាយជាបន្ទាន់ នូវរាល់បញ្ហាដែលពាក់ពន្ធ័នឹងទឹក។
៣៖ គ្រប់មន្ទីរទាំងអស់ ត្រូវធ្វើការងារជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងន័យណែនាំដល់ប្រជាកសិករចៀសវាង ការបង្កបង្កើនផលនាដើមរដូវច្រើនហួសហេតុ ឆ្ងាយពីប្រភពទឹក ដែលអាចក្លាយជាមហន្តរាយធ្ងន់ធ្ងរ ឈានទៅដល់កង្វះខាតទឹកប្រើប្រាស់ ពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃថែមទៀត។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានសម្រេចរៀបចំ ជូននូវស្ថានីយបូមទឹកថ្មី ០២កន្លែង បំពាក់ដោយម៉ាស៉ីនបូមទឹក ហ៊ុន សែន ទំហំ៥តឹក ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនទុកជាចំណងដៃផងដែរ៕