(ក្រចេះ)៖ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក ជា សុភក្រ័្ត ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៨ បានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើ១កន្លែង ដែលធ្វើបែបអនាធិបតេយ្យគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងចម្រុះចូលរួមបង្ក្រាបរួមមាន៖ សង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់, កម្លាំងនគរបាលខេត្តក្រចេះ, នគរបាលស្រុកសំបូរ និងយោធាស្រុក បានចុះចាប់សិប្បកម្មកែច្នៃឈើ រឹបអូសម៉ាស៊ីនតាបសំរាប់ឈូស ជ្រៀកឈើ១គ្រឿង និងឈើជាច្រើនកំណាត់ដែលធ្វើយ៉ាងអនាធិបតេយ្យ គ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ។
ទីតាំងនេះមានម្ចាស់ ឈ្មោះ លី សុផង់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅចំនុចភូមិ-ឃុំខាងលើ ហើយតែងតែធ្វើសកម្មភាព អារ ជ្រៀក ឈូសឈើដោយម៉ាស៊ីន លាន់សំលេងទ្រហឹងពេញភូមិ រំខានដំណេកដល់អ្នកភូមិពេលសម្រាកពេលថ្ងៃ។
លោក ប៉ាល់ សុខកែវ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ បានឲ្យដឹងថា ឈើទាំងនោះជាប្រភេទឈើប្រណីត និងឈើលេខ១ ត្រូវបានសមត្ថកិច្ចរឹបអូសយកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ ដើម្បីវាស់វែង និងធ្វើការផាកពិន័យទៅតាមច្បាប់របស់រដ្ឋបាលព្រៃឈើ៕