(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានសម្តែងការស្វាគមន៍ចំពោះការសម្រេចរបស់សាលាក្តីខ្មែរក្រហោម ដោយផ្តន្ទាទោសអតីតមេខ្មែរក្រហមពីររូប គឺលោក នួន ជា និងលោក ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត។ ជប៉ុនបានចាត់ទុកសាលក្រមនេះថា ជាសមិទ្ធផលថ្មីមួយទៀតនៃដំណើរការសាលាក្តីខ្មែរក្រហម ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៦មកនោះ។
សេចក្តីថ្លែងការរបស់ក្រសួងការបរទេសជប៉ុន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានគូសបញ្ជាក់ថា «សវនាការកាត់ក្តីខ្មែរក្រហម គឺជាជំហានដ៏សំខាន់បំផុត សំដៅឆ្ពោះទៅបញ្ចប់នូវដំណើរការស្វែងរកសន្តិភាពទាំងស្រុង នៅក្នុងប្រទេសកម្ពុជា។ ព្រមទាំងរួមចំណែកក្នុងការផ្តល់យុត្តិធម៌ និងពង្រឹងនីតិរដ្ឋនៅក្នុងប្រទេស។ នៅក្នុងបរិបទនេះ ប្រទេសជប៉ុន បានដើរតួនាទីឈានមុខរួចទៅហើយ នៅក្នុងសហគមន៍អន្តរជាតិ នៅក្នុងការគាំទ្រដល់អង្គជំនុំជម្រះនានាកន្លងមក»។
ក្នុងសេចក្តីថ្លែងការណ៍នេះ ជប៉ុន បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំដែរថា រឿងក្តីដែលនៅសល់នឹងត្រូវបានលើកយកមកដោះស្រាយយ៉ាងឆាប់រហ័ស និងបេសកកម្មទាំងអស់ត្រូវបញ្ចប់ដោយភាពជោគជ័យពេញបរិបូរណ៍ ដោយយោងទៅលើអាយុរបស់ជនជាប់ចោទ និងជនរងគ្រោះទាំងឡាយដែលចាស់ជរាទៅហើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញនេះ អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានប្រកាសសាលក្រមសំណុំរឿង ០០២/០២ ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទ នួន ជា និងខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហម ដាក់ពន្ធនាគារម្នាក់ៗមួយជីវិត។ ការសម្រេចនេះ បាននាំឲ្យមានការសាទរពីសំណាក់ប្រជាពលរដ្្ឋខ្មែរ និងបណ្តាប្រទេសជាច្រើនផ្សេងទៀត ដោយចាត់ទុកការសម្រេចនេះ ជាការផ្តល់នូវយុត្តិធម៌មួយដល់ពលរដ្ឋខ្មែរ ដែលរងគ្រោះក្នុងរបបដ៏ឃោរឃៅនោះ៕