(មណ្ឌលគិរី)៖ តាំងពីចាប់ផ្ដើមដាំកាហ្វេដំបូងនៅអំឡុងឆ្នាំ២០០០ កសិករដាំកាហ្វេនៅខេត្តមណ្ឌលគិរី ហាក់មានការផុលផុសបន្ដិច ប៉ុន្តែរយៈពេលក្រោយមកទៀត ក្ដីបញ្ហាក៏បានកើតមានចំពោះពួកគាត់ ក៏ព្រោះតែតម្លៃកាហ្វេមានការធ្លាក់ចុះទាបទៅៗ រហូតដល់គ្មានទាំងអ្នកទិញទៅទៀត ដែលជាហេតុបណ្ដាលឱ្យកសិករបោះបង់ការដាំកាហ្វេនេះជាបណ្ដើរៗ។
ក្រោយពីភេសជ្ជៈកាហ្វេទទួលបានការពេញនិយមច្រើនពីសំណាក់ប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ន និងដោយសារទីផ្សារក្រៅប្រទេសរីកសាយភាយទូលំទូលាយផងនោះ កាហ្វេដែលកសិករភាគច្រើនធ្លាប់បានបោះបង់ចោល ត្រូវបានយកមកដាំដុះឡើងវិញនៅលើខេត្តមណ្ឌលគិរី ដែលរហូតមកដល់បច្ចុប្បន្ន ការដាំដំណាំកាហ្វេនៅខេត្តភាគឦសាន្តមួយនេះ មានការកើនឡើងយ៉ាងគំហក ប៉ុន្តែក៏នៅតែមិនទាន់គ្រប់គ្រាន់តាមតម្រូវការទីផ្សារក្រៅស្រុកនៅឡើយដែរ។
ដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី មានការលូតលាស់យ៉ាងល្អប្រសើរ ប្រការនេះត្រូវបានលោក សេង សៅ ប្រធានការិយាល័យក្សេតសាស្ត្រ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី អះអាងថា ដោយសារអាកាសធាតុ ស្ថានភាពដី និងរបបទឹកភ្លៀងនៅខេត្តមណ្ឌលគិរី អំណោយផលដល់ដំណាំកាហ្វេ។
ក្នុងពិធីជួបជុំជាមួយក្រុមអ្នកសារព័ត៌មាន ១០ស្ថាប័ន ជាមួយអង្គការសង្គមស៊ីវិលមួយ ដែលរៀបចំដោយអង្គការ CEDAC នៅខេត្តមណ្ឌលគិរី នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក សេង សៅ បានឱ្យដឹងថា បច្ចុប្បន្នដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី កំពុងលាតសន្ធឹងលើផ្ទៃដីចំនួន ២៨៦ហិកតា ប៉ុន្តែការប្រមូលផលនៅតិចតួចនៅឡើយទេ គឺបានតែប្រមាណ៧០ហិកតាប៉ុណ្ណោះ ដោយទទួលបានទិន្នផលចាប់ពី ៣-៧តោនកាហ្វេ (ស្ងួត) ក្នុងមួយហិកតា។
លោក សេង សៅ បានរំឭកថា នៅខេត្តមណ្ឌលគិរី មានប្រវត្តិដាំកាហ្វេតាំងពីអំឡុងឆ្នាំ២០០០ ឬឆ្នាំ២០០១ ដែលកាលណោះតម្លៃកាហ្វេមិនថ្លៃណាស់ណាទេ តែកសិករអាចទទួលយកបាន ទើបមានការកើនឡើងបន្ដិចនូវផ្ទៃដីដាំដុះ ប៉ុន្តែជាអកុសលនៅរយៈពេលក្រោយៗមកទៀត តម្លៃកាហ្វេបានធ្វើឱ្យប្រជាកសិករខកចិត្តយ៉ាងខ្លាំង ក៏ព្រោះពួកគាត់លក់កាហ្វេស្ងួតមួយគីឡូក្រាម បានតែ២០០០រៀល ឬ ៨០០រៀល ឬក្រោមនេះទៅទៀត ពីព្រោះតែគ្មានអ្នកទិញ រហូតដល់មានកសិករខ្លះសម្រេចចិត្តឈប់ដាំកាហ្វេតែម្ដង។
លុះដល់ឆ្នាំ២០១៧ ឆ្នាំ២០១៨ តម្លៃកាហ្វេមានការកើនឡើងឡើងវិញ គឺ ២.៥ដុល្លារ ក្នុងមួយគីឡូក្រាម ទើបធ្វើឱ្យកសិករវិលមកដាំដំណាំកាហ្វេនេះឡើងវីញយ៉ាងភ្លក់ទឹកភ្លក់ដី។ ទោះបីមិនអាចប៉ានស្មានតួលេខច្បាស់លាស់ ប៉ុន្តែលោក សេង សៅ នៅតែមានសុទិដ្ឋិនិយមថា នៅឆ្នាំ២០២០ និងតទៅអនាគត ផ្ទៃដីដំណាំកាហ្វេនៅខេត្តមណ្ឌលគិរីនឹងមានការឡើងលើសពីនេះទៅទៀត។
មូលហេតុដែលនាំឱ្យកសិករ និងក្រុមហ៊ុនវិលមកដាំកាហ្វេនៅខេត្តមណ្ឌលគិរីច្រើនឡើងៗនោះ គឺដោយសារប្រជាពលរដ្ឋខ្មែរភាគច្រើនចាប់ផ្ដើមពេញនិយមពិសាកាហ្វេ ទើបធ្វើឱ្យទីផ្សារកាហ្វេកម្ពុជាងើបខ្ពស់ឡើងវិញ ពិសេសមានការទទួលស្គាល់កាហ្វេខេត្តមណ្ឌលគិរីនៅកម្ពុជា មានគុណភាពល្អ អតិថិជនចូលចិត្តច្រើន។
គួរសម្រាបថា ក្រៅពីដំណាំស្រូវ ខេត្តមណ្ឌលគិរី ក៏មានដំណាំអចិន្ត្រៃយ៍មួយចំនួនទៀត ដូចជា ស្វាយចន្ទី កាហ្វេ ចេក ស្វាយ ទុរេន មាន៧,៤៨៩ហិកតា កើនឡើង ៤៨១០ហិកតា ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះផ្ទៃដីដំណាំកាហ្វេមានចំនួន ២៨៦ហិកតា ក្នុងនោះផ្ទៃដីកាហ្វេដែលដាំដុះដោយក្រុមហ៊ុនវិនិយោគនោះមានចំនួន ១៣២ហិកតា ប៉ុន្តែនៅមានកាហ្វេរបស់ប្រជាកសិករមួយចំនួនដែលនៅឆ្ងាយ ហើយមន្ទីរកសិកម្មមិនបានស្រង់ទិន្នន័យអស់ ប៉ុន្តែតួលេខនេះគឺមានការកើនឡើងចំនួន ២១១ហិកតា ក្នុងឆ្នាំ២០១៨ មានន័យថាសន្ទស្សន៍មានការកើនឡើងខ្លាំង ក្នុងរយៈពេលមួយឆ្នាំនេះ៕