(ភ្នំពេញ)៖ ក្រុមហ៊ុន ទ្រី ភាព បឹងទន្លេម្រេចរបស់ឧកញ៉ា ទ្រី ភាព ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ បានប្រកាសដំណាំកៅស៊ូរបស់ខ្លួនចាបផ្តើមទទួលផលហើយ ហើយនៅឆ្នាំ២០១៨នេះ កៅស៊ូប្រមាណ ៧០០ហិកតា កំពុងបើកមុខចៀរជ័រកៅស៊ូ។
លោក ហេង សារំុ ប្រធានរដ្ឋបាលក្រុមហ៊ុន ទ្រី ភាព បឹងទន្លេម្រេច បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ជាមួយការចាប់ផ្តើមទទួលផលលើផ្ទៃដី ៧០០ហិកតានេះ ក្រុមហ៊ុនកំពុងបន្តដាំដុះកៅស៊ូលើផ្ទៃចំនួន ៣០០ហិកតាបន្ថែមទៀត។
ជាមួយនឹងការចេញមកបញ្ជាក់ពីការទទួលផលលើដំណាំកៅស៊ូរបស់ខ្លួនេះ ក្រុមហ៊ុន ទ្រី ភាព បឹងទន្លេម្រេច ក៏បានច្រានចោលការផ្សព្វផ្សាយមួយចំនួន ដែលបានចោទ ក្រុមហ៊ុនថា បានឈូសឆាយប៉ះពាល់ទៅលើផ្ទៃដីសហគមន៍ផងដែរ។ ក្រុមហ៊ុនអះអាងថា ផ្ទៃដីទាំងនោះគឹមានបុគ្គលខិលខូចមួយចំនួនលួចលក់ ហើយចោទមកលើក្រុមហ៊ុនថា បានរំលោភ និងឈូសឆាយផ្ទៃដីរបស់សហគមន៍។
ក្រុមហ៊ុន ទ្រី ភាព បឹងទន្លេម្រេច បានទទួលសិទ្ធិវិនិយោគដីព្រៃសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលនៅតំបន់ខាងលើនេះកាលពីឆ្នាំ២០១១។ ចាប់តាំងពីពេលទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីនេះ ក្រុមហ៊ុនបានធ្វើសកម្មភាពដាំដុះកៅស៊ូជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្នបានចំនួនប្រមាណ ៣៥០០ហិកតាហើយ។
តាមរយៈការដាំដំណាំកៅស៊ូនេះ ក្រុមហ៊ុនបានផ្តល់ការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ក៏ដូចជាមកពីបណ្តាខេត្តផ្សេងៗផងដែរ។ បើតាមលោក ហេង សារំុ បច្ចុប្បន្នមានបុគ្គលិកបម្រើការនៅក្នុងចំការកៅស៊ូនោះប្រមាណ ៥៥០នាក់ហើយ ជាមួយប្រាក់ខែសមរម្យ។ ក្រៅពីការផ្តល់ប្រាក់ខែ ក្រុមហ៊ុនក៏បានផ្តល់កន្លែងស្នាក់នៅ និងផ្តល់ទឹកភ្លើងសម្រាប់ការប្រើប្រាស់ផងដែរ។
ក្រៅពីការដាំដំណាំកៅស៊ូហើយនោះ ក្រុមហ៊ុនក៏បានសាងសង់ជាផ្សារ អាហារដ្ឋាន ចំណតរថយន្តសម្រាប់ឲ្យប្រជាពលរដ្ឋនៅស្រុករវាងនេះ ធ្វើការលក់ដូរផងដែរ។ ក្រុមហ៊ុនបានអះអាងទៀតថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់បន្ថែមកន្លែងស្នាក់នៅរបស់កម្មករ និងបុគ្គលិក ហើយក៏កំពុងសាងសង់រោងចក្រកៅស៊ូផងដែរ។ រោងចក្រនេះគ្រោងដាក់ឲ្យដំណើរការនៅមុនចូលឆ្នាំខ្មែរឆ្នាំ២០១៩។
កាលពីឆ្នាំ២០១៦កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញទៅត្រួតពិនិត្យនៅតំបន់អភិវឌ្ឍន៍មួយនេះ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍នៅទៅនភងដែរ៕