(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឧត្តមភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញសួរសុខទុក្ខ ព្រមទាំងរៀបចំអាហារជូនកុមារពិការគ-ថ្លង់ និងកុមារកំព្រាសរុប ៨៧៨នាក់ មកពីសាលាគ្រួសារថ្មី និងមណ្ឌលកុមារកំព្រានានាក្នុងរាជធានីភ្នំពេញ។
ពិធីសួរសុខទុក្ខ និងការរៀបចំអាហារជូនកុមារពិការគ-ថ្លង់ និងកុមារកំព្រានេះ នឹងធ្វើនៅអង្គការគ្រួសារថ្មី ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ជាទម្លាប់សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងចុះជួបកុមាពិការ និងគ-ថ្លង់ នៅអង្គការគ្រួសារថ្មី ក្នុងមួយឆ្នាំចំនួន ២លើក ដើម្បីសំណេះសំណាលផង និងទទួលទានអាហាររួមគ្នា។
សម្តេចតេជោ ហ៊ុន សែន បានចូលរួមជួយអង្គការគ្រួសារថ្មីតាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ។ ក្រៅពីការជួបជុំ២លើកក្នុងមួយឆ្នាំ សម្តេចតេជោ និងក្រុមគ្រួសារតែងបានជួយឧបត្ថម្ភប្រចាំខែនូវអង្ករ និងថវិកា ដើម្បីរួមចំណែកដល់ដំណើរការមណ្ឌលនេះផងដែរ។
សម្តេចនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងថា ពេលបានជួបជាមួយកុមារពិការ និងគថ្លង់ បានធ្វើឲ្យសម្តេចមានអារម្មណ៍រីករាយផង និងអាណិតអាសូរផង ហើយក៏បានផ្តល់ឱកាសឲ្យសម្តេចបានពិចារណារិះរកវិធីជួយដល់ជនពិការផងដែរ៕