(ភ្នំពេញ)៖ លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីភាពវិជ្ជមាន ក្នុងការរៀបចំពិព័រណ៍ការសិក្សា នៅប្រទេសម៉ាទ្បេស៊ី និងឱកាសការងារសម្រាប់ឆ្នាំ២០១៨ ដែលប្រារព្ធឡើង ដោយក្រសួងអប់រំកម្ពុជា-ម៉ាឡេស៊ីថា នឹងផ្ដល់ឱកាសច្រើនសម្រាប់និស្សិតកម្ពុជា ក្នុងការស្វែងករឱកាសក្នុងការសិក្សាបន្ថែមទៀត។
ការលើកឡើងបែបនេះ របស់អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងការតាំងពិព័រណ៍ការសិក្សានៅប្រទេសម៉ាទ្បេស៊ី និងឱកាសការងារសម្រាប់ឆ្នាំ២០១៨ ដែលរៀបចំឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្សជាច្រើនរូប។
លោកបណ្ឌិត សាន វឌ្ឍនា លើកឡើងថា «គោលបំណងនៃពិព័រណ៍នេះ គឺផ្ដោតខ្លាំងដូចជា ការបង្កើតកិច្ចសហការ ការទំនាក់ទំនងរវាងស្ថាប័ន-គ្រឹះស្ថានឧត្តមសិក្សានៃប្រទេសទាំងពីរ ផ្ដោតទៅលើការជំរុញនិស្សិតឲ្យស្វែងរកឱកាស រៀនសូត្របន្ថែម, ជំរុញឲ្យលោកគ្រូ-អ្នកគ្រូផ្លាស់ប្ដូរបទពិសោធន៍នៃរបៀបបង្រៀន ព្រមទាំងជំរុញឲ្យអ្នកស្រាវជ្រាវ ទាំងពីរប្រទេសគិតពីលទ្ធភាពនៃ ការស្រាវជា្រវផ្នែកវិទ្យាសាស្រ្ដរួមគ្នា»។
លោកបន្ដទៀតថា មួយវិញទៀតដើម្បីចូលរួមលើកកម្ពស់នូវគុណភាពអប់រំ និងការផ្លាស់ប្ដូរបទពិសោធន៍ ផ្នែកអភិបាលកិច្ច រវាងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ីលើវិស័យឧត្តមសិក្សា ព្រមទាំងការចែករំលែកព័ត៌មាន ព្រមទាំងការយល់ពីគ្នាទៅវិញទៅមក រវាងយុវជនកម្ពុជា-ម៉ាឡេស៊ី។
លោកបណ្ឌិតបន្ថែមថា កត្តាដែលនិស្សិតគួរតែបន្ដការសិក្សាក្នុងប្រទេសម៉ាឡេស៊ី ក្រៅពីការមើលឃើញគុណភាពនៃ ការអប់រំ ក្រៅពីការមើលឃើញឱកាសការងារគឺ៖
១៖ ចំងាយផ្លូវរវាងកម្ពុជាទៅម៉ាឡេស៊ី មានភាពជិតគ្នា។
២៖ ការចំណាយលើការរស់នៅមានកម្រិតទាប បើធៀបនឹងបណ្ដាប្រទេសដទៃទៀត។
៣៖ សម្រាប់អាហារ, អាកាសធាតុ និងវប្បធម៌មានចំណុចស្រដៀងគ្នានឹងកម្ពុជា។
៤៖ សម្រាប់ការអភិវឌ្ឍន៍លើផ្នែកសេដ្ឋកិច្ច, សង្គម, នយោបាយរវាងប្រទេសទាំង២ កំពុងដើរក្នុងផ្លូវមួយឆ្ពោះទៅរកការអភិវឌ្ឍន៍ដូចគ្នា។
លោក Rujhan Mustafa, នាយកប្រតិបត្តិនៃ EMGS នៃក្រសួងអប់រំម៉ាទ្បេស៊ីឲ្យដឹងថា ខាងសាកលវិទ្យាល័យម៉ាឡេស៊ី មានអាហារូបករណ៍ជាច្រើន សម្រាប់ផ្ដល់ដល់និស្សិតកម្ពុជា យ៉ាងតិចណាស់១សាកលវិទ្យាល័យមានចំនួនម្នាក់ តែសម្រាប់សាកលវិទ្យាល័យផ្សេងទៀតអាចផ្ដល់លើសពីនេះ។
លោកបន្ដទៀតថា សម្រាប់លក្ខខណ្ឌដែលត្រូវបានទទួលអាហារូបករណ៍គឺ ផ្ដោតទៅលើការសិក្សានិស្សិតជាសំខាន់ មានន័យថា ផ្តោតទៅលើការសិក្សារបស់និស្សិតពីមុនមក, ពាក់ព័ន្ធនឹងពិន្ទុដែលពិន្ទុនេះដើម្បីបញ្ជាក់ថា និស្សិតម្នាក់នេះ ជាមនុស្សដែលខិតខំសិក្សាឬអត់, ពិនិត្យលើស្ថានភាពគ្រួសារ (ក្រីក្រ) ចំណុចសំខាន់គឺពិន្ទុភាសាអង់គ្លេសខ្ពស់។
សូមជម្រាបថា ការតាំងពិព័រណ៍នេះមានការចូលរួមពី គ្រឹះស្ថានសិក្សារបស់ម៉ាឡេស៊ីចំនួន៤៧។ បច្ចុប្បន្ននេះនិស្សិតអន្តរជាតិ១៨០,០០០នាក់ កំពុងតែសិក្សានៅប្រទេសម៉ាទ្បេស៊ី ចំនួននិស្សិតអន្តរជាតិនេះ បានធ្វើឱ្យម៉ាទ្បេស៊ីក្លាយជាប្រទេសគោលដៅមួយ សម្រាប់ការសិក្សាលើពិភពលោកដោយនិស្សិតនឹងទទួលបាន សញ្ញាប័ត្រពីគ្រឹះសិក្សាដែលមានការទទួលស្គាល់កម្រិតខ្ពស់ និងតម្លៃសមរម្យ៕