(កំពត)៖ ថវិកាសរុបជាង ១៤០លានរៀល ដែលជាបច្ច័យបានមកពីអង្គកឋិនទានសាមគ្គី ត្រូវបានថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ដង្ហែរនាំយកទៅវេរប្រគេនព្រះសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងវត្តអង្គអណ្តូងព្រេង ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត កាលពីវេលាព្រឹក ថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ពិធីដង្ហែរអង្គកឋិនទាន បានប្រព្រឹត្តទៅយ៉ាងអធឹកអធម ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម រួមជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្តអង្គអណ្តូងព្រេងយ៉ាងច្រើនកុះករ។
ក្នុងឱកាសមហានក្ខត្តឫក្សនោះ ក៏មានរៀបចំធ្វើពិធីប្រគេនយាគូព្រះសង្ឃ ពិធីវេរភត្តាហារប្រគេនដល់ព្រះសង្ឃ ពិធីលំអានតាមប្រពៃណីតាមបែបព្រះពុទ្ធសាសនា និងពិធីដង្ហែរអង្គកឋិនទានសាមគ្គី ព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ ដឹកនាំដោយលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ។ បន្ទាប់ពីអង្គកឋិនទាន ត្រូវបានដង្ហែរចូលក្នុងព្រះវិហារ ក៏មានរៀបចំពិធីនមស្សការ ថ្វាយបង្គំព្រះ និងវេរអង្គកឋិនទាន ប្រគេនដល់ព្រះចៅអធិការវត្ត ជាកិច្ចឆ្លងបង្ហើយនៃកម្មវិធីបុណ្យផងដែរ។
លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ព្រមទាំងសប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន នៅក្នុងពិធីបុណ្យកឋិនសាមគ្គីឆ្នាំនេះ។ ទន្ទឹមគ្នានោះដែរ លោករដ្ឋមន្រ្តី បានបួងសួងសូមឲ្យបុណ្យកុសលកើតចេញពីការធ្វើបុណ្យកឋិនទានសាមគ្គី នាំមកនូវសេចក្តីសុខចម្រើនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ សប្បុរសជន និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តអណ្តូងព្រេងទាំងអស់ ព្រមទាំងបានបួងសួងសុំឲ្យអំណាចនៃកុសលផលបុណ្យ ដែលចេញពីអង្គកឋិនទាន ជួយតាមឃុំគ្រងបីបាច់ថែរក្សាប្រជាជន និងប្រទេសកម្ពុជា សូមបានជួបតែសុខសន្តិភាព និងវឌ្ឍនភាពជានិច្ចនិរន្តរ៍។
សូមជម្រាបថា គោលបំណងសំខាន់នៃការរៀបចំអង្គកឋិនទានសាមគ្គី នៅក្នុងវត្តអង្គអណ្តូងព្រេង នាក្រុងកំពតឆ្នាំនេះ គឺដើម្បីប្រមូលបច្ច័យសម្រាប់កសាងសមិទ្ធផលផ្នែកពុទ្ធចក្រនានា និងរួមចំណែកលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ម្យ៉ាងទៀត ពិធីនេះក៏ដើម្បីរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងពាណិជ្ជកម្ម ក៏ដូចជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេស រួមជាមួយប្រជាពុទ្ធបរិស័ទ នៅក្នុងខត្តកំពតទាំងមូល៕