(ភ្នំពេញ)៖ លោក ប៊ូ ជុំសេរី អនុប្រធានគណៈកម្មការបច្ចេកទេស និងជាប្រធានគណៈមេប្រយោគការប្រកួតទូក «ង»​ បានឱ្យដឹងថា ក្នុងពិធីព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានទូកចំនួន២៩៥ និងមានចំណុះទូក ១៩,០១៧នាក់ ចូលរួមប្រកួតប្រជែងនៅតាមដងទន្លេមុខព្រះបរមរាជវាំង។ ក្នុងនោះទូកអុំនារី១, អុំបុរសមាន ១៦៣ទូក, ទូកចែវនារី ១ទូក ចែវបុរសមាន៣២ និងទូកខ្នាតអន្តរជាតិនារី២ និងខ្នាតអន្តរជាតិបុរសមានចំនួន៩៦។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ឱ្យអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ប៊ូ ជុំសេរី បានបញ្ជាក់យ៉ាងដូច្នេះ៖ «ឆ្នាំនេះ យើងមានទូកចំនួន២៩៥ ចូលរួម។ មានទូកអុំនារី១, អុំបុរសមាន១៦៣ទូក, ទូកចែវនារី១ទូក ចែវបុរសមាន៣២ និងទូកខ្នាតអន្តរជាតិនារី២ និងខ្នាតអន្តរជាតិបុរសមានចំនួន៩៦។ ឆ្នាំ២០១៨នេះ មានចំនួនច្រើនជាងឆ្នាំមុនៗ​ ហើយជារៀងរាល់ឆ្នាំ យើងតែងតែសង្កេតឃើញថា មានចំនួនកើនឡើងជាលំដាប់ ហើយសម្រាប់ឆ្នាំនេះ មានទូកមកពី១៨រាជធានី-ខេត្តតែប៉ុណ្ណោះ ដែលបានចូលរួមអុំក្នុងព្រឹត្តិការណ៍នេះ»

លោក ប៊ូ ជុំសេរី បានបន្ថែមទៀតថា ទូកទាំង២៩៥នេះ មកពីរាជធានី-ខេត្តចំនួន១៨ និងមកពីស្ថាប័នចំនួន៦ទៀតផ្សេងទៀត។ ដើម្បីបង្កើនបរិយាកាសនេះ ឱ្យកាន់តែអធិកអធម ហើយឆ្នាំនេះមានទូកពិសេសចំនួន ៨៦ទូក ដែលជាប្រភេទទូកអុំខ្នាតវែង និងមានចំណុះជាង ៦០នាក់ រហូតដល់៨០នាក់ឯណោះ។

សូមជម្រាបថា ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប តែង​ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា។ ការប្រណាំងទូក មានរយៈពេល៣​ថ្ងៃតែម្តង គឺចាប់ពី ថ្ងៃ១៤ និង១៥​កើត ដល់ថ្ងៃ ១​រោច ខែកក្តិក ហើយពេលយប់ក៏មានការបណ្តែត ប្រទីប ផងដែរ។ ចំណែកឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ ប្រារព្ធឡើងនៅថ្ងៃទី២ តែប៉ុណ្ណោះ ពោលគឺនៅពាក់កណ្តាលរាត្រីនៃថ្ងៃ​១៥ ​កើត ខែកក្តិក។​

ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាល​ព្រះបាទជ័យវរ្ម័នទី៧​មកម៉្លេះ។ ក្នុងអំឡុងឆ្នាំ១១៧៧ ពួកចាម បានលើកទ័ពមក ធ្វើការលុកលុយ និងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៤​ឆ្នាំ។ គ្រានោះព្រះបាទជ័យវរ្ម័នទី៧ បានបង្រួបបង្រួមជាតិ និងចំណាយពេលវេលារៀបចំ យុទ្ធសាស្ត្រកងទ័ព ដើម្បី​ប្រយុទ្ធប្រឆាំងចំពោះពួកចាម រហូតទទួលបានជ័យជម្នះ ហើយព្រះអង្គបានឡើង គ្រងរាជសម្បត្តិដឹកនាំប្រទេសជាតិ នៅឆ្នាំ១១៨១ និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនរុងរឿង ដល់កម្រិតកំពូលថែមទៀត​។

ប្រវត្តិសាស្ត្រត្រង់នេះហើយទើបនាំឱ្យប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់ កងទ័ពជើងទឹករបស់ខ្មែរ ដែលបានរំដោះទឹកដីឱ្យរួចផុតពីការជិះជាន់របស់ពួកចាម ដែលជាខ្មាំងសត្រូវរបស់ខ្មែរ​នាសម័យនោះ។

ពិធីនេះ​បានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយតែងនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំនិងទូក ចែវបុរស-នារី។ ពិធីបុណ្យ​អុំទូកនេះ ក៏បានភ្ជាប់នឹងពិធីផ្សេងៗ​ទៀតផងដែរ គឺការបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជា ការឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។ ក្នុងឱកាសបុណ្យអុំទូក ប្រជាពលរដ្ឋតាមបណ្ដាខេត្ត-ក្រុង មួយចំនួនបានយកទូកមក ប្រណាំងនៅទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីដណ្ដើមយកជ័យជម្នះ ឱ្យខេត្តរបស់ខ្លួនទៀតផង៕