(ឧត្តរមានជ័យ)៖ លោក វ៉ាត ប៉ារានីន អភិបាលរងខេត្តឧត្តរមាជ័យ បានថ្លែងថា នៅតំបន់ព្រំដែនកម្ពុជា-ថៃ ជួរភ្នំដងរែក គឺច្រកជប់គគីរដែលកន្លងមក ជាច្រកមនុស្សធម៌ តែមកដល់បច្ចប្បន្ននេះ ត្រូវបានប្រែក្លាយទៅច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរជាផ្លូវការហើយ។
ការលើកឡើងរបស់លោក វ៉ាត ប៉ារានីន បានធ្វើឡើងក្នុងពិធីប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ របស់ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ គឺលោក រ៉ែម ផលរ៉ាវី ជំនួសលោក យឿន វិបុល ដែលត្រូវទៅទទួលតំណែង ជានាយករងរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមាត់ច្រកជប់គគីរ ស្ថិតនៅក្នុងភូមិជប់គគីរខាងជើង ឃុំ-ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
លោក វ៉ាត ប៉ារ៉ានីន បានលើកឡើងអំពីសាវតារប្រវត្តិច្រកជប់គគីរថា កាលពីដើមឡើយច្រកជប់គគីរនេះ ជាច្រកមនុស្សធម៌ទេ ដែលមានការចេញ ចូលផ្លាស់ប្តូរទំនិញបន្តិចបន្តួច រវាងប្រជាពលរដ្ឋទាំងសងខាងកម្ពុជា-ថៃ។ បច្ចប្បន្ននេះច្រកជប់គគីរនេះ បានប្រែក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ដែលបើកឲ្យប្រជាពលរដ្ឋទាំងពីរ ផ្លាសប្តូរទំនិញជាប្រចាំថ្ងៃ។
លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់ប្រធានទីស្នាក់ការច្រកជប់គគីរថ្មី ក៏ដូចជា មន្ត្រីចំណុះច្រកជប់គគីរទាំងអស់ ត្រូវបង្កើនការសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែល្អប្រសើរឡើង និងរួមគ្នាសហការការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ជាពិសេសកិច្ចសហការជាមួយប្រទេស ដែលនៅជិតខាងយើង កាន់តែមានប្រស្ធិទភាពបន្តទៅមុខជារៀងរហូត។
ជាមួយគ្នានេះដែរលោក រ៉ែម ផល់រ៉ាវី បានឡើងប្តេជ្ញាចិត្តពង្រឹងវិន័យការងារ រក្សានូវសាមគ្គីភាពផ្ទៃក្នុងរវាងស្ថាប័ន ច្រកជប់គគីរ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសការងារ ស្តីពីការគ្រប់គ្រង់ទីស្នាកការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិឲ្យបានម៉ឺងម៉ាត់៕