(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរីនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានរៀបចំក្រុងពាលីព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅបឹងកន្សែងក្រុងបានលុង ក្រោមវត្តមានលោកព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោក ស៊ើយ កែវ សមាជិកព្រឹទ្ធសភា, លោក​ ថង សាវុន អភិបាលខេត្ត, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធខេត្តបានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី នារសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះថា ឆ្នាំនេះក្រោមការផ្តួចផ្តើមដោយលោក ថង សាវុន រដ្ឋបាលខេត្តបានរៀបចំពិធីអុំទូក អកអំបុក និងសំពះព្រះខែនៅបឹងកន្សែង។ នេះក៏ជាលើកទី១ផងដែរ សម្រាប់ខេត្តដែលសំបូរទៅដោយបងប្អូនជនជាតិប្រមាណជាង១០ ជាតិសាសន៍ផ្សេងៗគ្នា មកទស្សនាកម្សាន្តសប្បាយ។

លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បន្តថា ក្នុងពិធីខាងលើនេះ មានការឧបត្ថម្ភពីធនាគារABA, ក្រុមហ៊ុនស្រាបៀរកម្ពុជា និងសប្បុរសជននានាផងដែរ។ ក្នុងពេលរាត្រីមានការប្រគុំតន្ត្រី, បាញ់កាំជ្រូច និងមានស្តង់លក់ទំនិញផ្សេងៗ ដែលរៀបចំដោយសាលាក្រុងបានលុង។

លោកឧត្តមសេនីយ៍រូបនេះ បញ្ជាក់ឲ្យដឹងទៀតថា ទូក «ង» ចូលរួមប្រកួតប្រណាំងមានចំនួន១២គូគឺ៖ ១-ទូក «ង»រដ្ឋបាលខេត្ត, ២-ទូក «ង»សែនជ័យបារមីឥសាន្ត (បញ្ជាការអ-ហខេត្ត), ៣-ទូក «ង» បានលុងកន្សែងសែនជ័យ (រដ្ឋបាលក្រុងបានលុង), ៤-ទូក «ង» បានលុងសែនជ័យបារមីតាជួង (អ-ហក្រុងបានលុង), ៥-ទូក «ង» វារីរតនៈថងជ័យរស្មីអូរជុំ (អ-ហស្រុកអូរជុំ), ៦-ទូក «ង» បរកែវសុខសែនជ័យបារមីភ្នំដាង ៧-ទូក «ង» អូរយ៉ាដាវសែនជ័យបារមីតេជោ (អ-ហស្រុកអូរយ៉ាដាវ), ៨-ទូក «ង» ស្ពានយោលសែនជ័យបារមីតាវែង (អ-ហស្រុកតាវែង), ៩-ទូក «ង» កូនមុំសែនជ័យបារមីភ្នំយក្សណាង (អ-ហស្រុកកូនមុំ), ១០-ទូក «ង» លំផាត់តេជោសែនជ័យបារមីរស្មី (អ-ហស្រុកលំផាត់), ១១-ទូក «ង» វ៉ើនសៃសែនជ័យបារមីសេសាន្ត (អ-ហស្រុកវ៉ើនសៃ) និង១២-ទូក «ង» អណ្តូងមាសសែនជ័យបារមីសេសាន្ត (អ-ហស្រុកអណ្តូងមាស)។

សូមបញ្ជាក់ថាទូក «ង» ជ័យលាភីលេខ១ ទទួលបានថវិកា៣លានរៀល, ជ័យលាភីលេខ២ ទទួលបានថវិកា២លានរៀល, ជ័យលាភីលេខ៣ ទទួលបានថវិកា១លានរៀល។ រីឯទូក «ង» ដែលពុំបានជាប់ចំណាត់ថ្នាក់នោះ ទទួលបានថវិកា៥០ម៉ឺនរៀលស្មើៗគ្នា ពីគណអធិបតីផងដែរ៕