(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យនាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោល នូវការចុះផ្សាយរបស់សារ ព័ត៌មានបរទេសមួយចំនួន ក្នុងនោះមានទាំងសារព័ត៌មាន Asia Times ផងដែរដែលថា កម្ពុជាបានអនុញ្ញាតឱ្យប្រទេសដទៃ ដែលទំនងសំដៅដល់ប្រទេសចិន ប្រើប្រាស់ទឹកដីកកម្ពុជា ធ្វើជាមូលដ្ឋានយោធា។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។
អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកថា នេះគ្រាន់តែជាដំណឹងក្លែងក្លាយ (Fake News) ដែលក្រុមបរទេសមួយចំនួន ព្យាយាមផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជា ក្នុងចេតនាអាក្រក់ ញុះញង់ ដើម្បីបំភាន់សាធារណជនជាតិ-អន្តរជាតិ និងជាចេតនាបំផ្លាញដល់ ឯករាជ្យ ភាពអព្យាក្រឹត្យអចិន្រ្តៃយ៍របស់កម្ពុជាតែប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា បានធ្វើឡើង បន្ទាប់ពីមានសារព័ត៌មានបរទេសមួយចំនួន ក្នុងនោះមានទាំងសារព័ត៌មានអនឡាញ Asia Times បានចម្លងគ្នាផ្សព្វផ្សាយដោយគ្មានប្រភពច្បាស់លាស់ថា ប្រទេសដទៃមានបំណងប្រើប្រាស់ទឹកដីកម្ពុជាធ្វើមូលដ្ឋានយោធា សុំចតនាវាចម្បាំង ហើយកម្ពុជាកំពុងស្ថិតនៅចំណុចកណ្តាលនៃសង្រ្គាមត្រជាក់រវាងចិន និងអាមេរិកជាដើម។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋឯករាជ្យ អព្យាក្រឹតអចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ ដូចមានចែងក្នុង មាត្រា៥៣ថ្មី នៃរដ្ឋធម្មនុញ្ញ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងថែរក្សា សុខសន្តិភាព ជូនប្រជាពលរដ្ឋ និងទប់ស្កាត់ការប៉ុនប៉ងទាំងឡាយដែលអូសទាញនាំឱ្យប្រទេសធ្លាក់ទៅក្នុងសង្រ្គាមជាថ្មី ដើម្បីធ្វើយ៉ាងណាបន្តការអភិវឌ្ឍជាតិ ឱ្យមានការរីកចម្រើនទៅមុខ ដូច្នេះហើយកម្ពុជាមិនបានចូលរួមជាមួយ សង្រ្គាមត្រជាក់ណាមួយ ឬអនុញ្ញាតឱ្យបរទេសណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួនធ្វើមូលដ្ឋានយោធា ដូចដែលព័ត៌មានក្លែងក្លាយទាំងនោះ បានផ្សាយចោទប្រកាន់ទេ»។
អ្នកនាំពាក្យក្រសួងការពារជាតិ ក៏ស្នើឱ្យសារព័ត៌មានទាំងនោះ បញ្ឈប់ការផ្សាយដោយគ្មានប្រភពច្បាស់លាស់នេះ តទៅទៀត៕
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖