(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានផ្ញើសារចួលរួមរំលែកមរណទុក្ខផ្ញើជូន ឧបាសិកា អ៊ុក ព្រីង ភរិយាសពព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន ដែលទទួលមរណភាព ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាជរាពាធ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈសាររំលែកទុក្ខថា «មរណភាពរបស់ព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន ខ្ញុំ និងភរិយា ពិតជាមានការសោកស្តាយស្រណោះ អឡោះអាល័យ ស្ទើររកទីបំផុតគ្មាន ព្រោះថា ការបាត់បង់ ព្រឹទ្ធាចារ្យភិរម្យវោហារ គឺជាការបាត់បង់អ្នកប្រាជ្ញមួយរូប ដែលបានរួមដំណើរជាមួយរូបខ្ញុំ និងភរិយា ក្នុងបេសកកម្មបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ចាប់ពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ ហើយក៏ជាការបាត់បង់នូវវីរៈសិល្បករចម្រៀងចាប៉ីដងវែង ដ៏ឆ្នើមមួយរូបផងដែរ ពិសេសគឺបាត់បង់ស្វាមី ឪពុក ជីតា គ្រូអាចារ្យ ប្រកបដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួត»។
ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បាញល្បីរបស់កម្ពុជា លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពនៅម៉ោងប្រមាណ ១៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។
លោកតា ប្រាជ្ញ ឈួន ត្រូវបានក្រុមគ្រួសារយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតអស់ជាច្រើនថ្ងៃមកហើយ។ សពលោកតា ប្រាជ្ញ ឈួន ត្រូវបានក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តបទុមវតី ក្រោមការឧបត្ថម្ភរបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតី៕