(ភ្នំពេញ)៖ ទូក «ង» វែងជាងគេនៅលើពិភពលោក ដែលទើបបំបែកកំណត់ត្រាឯតទគ្គកម្ម ឈ្មោះ «កម្ពោជិកបុត្ដាខេមរាតរី» នឹងត្រូវយកមកដាក់តាំងបង្ហាញ ជាសាធារណៈ នៅទល់មុខខាងកើតវាលព្រះមេរុហ៍ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដើម្បីផ្ដល់ឲ្យសាធារណជនជាតិ និងអន្ដរជាតិ បានចូលរួមទស្សនាចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មការផលិតទូក «ង» ដើម្បីបំបែកឯតទគ្គកម្មពិភពលោក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
សូមរំលឹកថា ទូក «ង» ដែលវែងជាងគេ ហើយផលិតដោយស្នាដៃកូនខ្មែរនេះ ត្រូវបានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក Pravin Patel អ្នកវិច្ឆ័យ World Guinness Record ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿងត្រើយខាងកើត ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ទូកនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះ រហូតដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក៕