(ឧត្តរមានជ័យ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យកម្លាំងនគរបាល និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នៅតាមព្រំដែន ត្រូវតែទប់ស្កាត់ឲ្យខាងតែបានចំពោះការលួចឆ្លងដែនដោយខុសច្បាប់ ពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលចូលទៅកាន់ប្រទេសថៃ ដើម្បីកាប់គ្រញូង តាមច្រករបៀងខុសច្បាប់។
ថ្លែងក្នុងឱកាសអញ្ជើញជាធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើឲ្យភាគីថៃ កុំបាញ់ប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនចូលទៅដោយខុសច្បាប់ ពោលត្រូវសហការ និងចាប់បញ្ជូនមកវិញតាមនីតិវិធីច្បាប់។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ច្រករបៀងមិនមែនជាច្រកស្របច្បាប់ទេ មួយថ្ងៃៗថៃចាប់បញ្ជូនមក៨០ ទៅ១០០នាក់ ខ្ញុំតាមមើលរាល់ថ្ងៃ នេះដោយសារតែគាត់ឆ្លងដែនខុសច្បាប់ អ្នកដែលឲ្យចេញចូល គឺមន្ត្រីការពារព្រំដែន ឬសមត្ថកិច្ចទេ។ ធ្វើយ៉ាងណាត្រូវទប់ស្កាត់មិនឲ្យពលរដ្ឋលួចឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូងនៅទឹកដីថៃ»។
បន្ថែមពីនេះ សម្ដេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក៏គូសបញ្ជាក់ថា ព្រំដែនកម្ពុជា-ថៃ មានព្រំដែន២២១គីឡូម៉ែត្រ ដូច្នេះសម្ដេចលើកទឹកចិត្តឲ្យកងកម្លាំងយោធា គ្រប់គ្រងច្រកព្រំដែនឲ្យបានត្រឹមត្រូវ ធ្វើយ៉ាងឲ្យសម្រេចបានភាពជោគជ័យ និងធ្វើយ៉ាងណាឲ្យបានប្រយោជន៍ប្រជាជនទាំងពីរ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានឲ្យដឹងពី លទ្ធផលនៃការផ្តល់សេវារដ្ឋបាល របស់ការិយាល័យច្រកចេញចូលតែមួយ និងការសម្រុះសម្រួល ដោះស្រាយបណ្តឹងនានារបស់ការិយាល័យប្រជាពលរដ្ឋ ដែលបង្កើតឡើងនៅតាមក្រុង ស្រុក ខណ្ឌ នាពេលកន្លងមកបានបង្ហាញឲ្យឃើញនូវលទ្ធផលវិជ្ជមាន គួរជាទីមោទនៈ។
សម្ដេចថា ការិយាល័យទាំងពីរនេះ បាននិងកំពុងប្រតិបត្តិការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋយ៉ាងសកម្ម ស្របតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលបានកំណត់ដោយបង្កភាពងាយស្រួល ជូនប្រជាពលរដ្ឋដែលមកទទូលសេវា និងបានផ្តល់សេវាជូនប្រជាពលរដ្ឋទាន់ពេលវេលា ព្រមទាំងបានប្រមូលចំណូលចូលថវិកាជាតិ ពីការផ្តល់សេវារដ្ឋបាលទាំងនេះ ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងចូលរួមចំណែកក្នុងការទប់ស្កាត់អំពើពុករលួយ៕