(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នគបាលខណ្ឌចំការមន បានបញ្ជូនខ្លួនក្រុមជនសង្ស័យចំនួន៣នាក់ ដែលជាបុគ្គលិករបស់ក្រុមហ៊ុនអចលនទ្រព្យមួយមានឈ្មោះ Business Channel Cambodia ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចំណាត់ការ តាមនីតិវិធី។
ការបញ្ជូនខ្លួនក្រុមជនត្រូូវចោទទាំង៣នាក់នេះ ធ្វើឡើងបន្ទាប់ពី កម្លាំងមានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីពួកគេបាននាំគ្នាចូលទៅក្នុងផ្ទះវីឡាមួយកន្លែងដែលមានតម្លៃរហូតទៅដល់ចំនួនជាង១លានដុល្លារ ដើម្បីទាមទារលុយថ្លៃកុំមីស្យុង ហើយម្ចាស់ផ្ទះម្នាក់បានប្តឹងសមត្ថកិច្ចថា «ពួកគេបានចូលផ្ទះដោយគ្មានការអនុញ្ញាតិ និងគំរាមកំហែង» ។
សំណុំរឿងនេះដែរ កំពុងស្ថិតក្នុងចំណាត់ការ បើកការសាកសួរ លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា មានហេតុការណ៍បានបង្កការភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាលេខ៤៥ ផ្លូវលេខ៤៦៨ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ មានក្រុមបុគ្គលិករបស់ក្រុមហ៊ុនអចលនទ្រព្យមួយមានឈ្មោះ( Business Channel Cambodia) ចំនួន៤នាក់បាននាំគ្នាមកកាន់ផ្ទះវីឡាមួយកន្លែងខាងលើ ដោយបុរសចំនួន៣នាក់បានចូលទៅខាងក្នុង និងម្នាក់ទៀតនៅឈរចាំខាងក្រៅរបងមុខផ្ទះ ។
ពេលដែលពួកគេទាំង៣នាក់បានចូលទៅខាងក្នុងផ្ទះវីឡានោះ ក៏បានជួបជាមួយនឹងបុរសម្នាក់ដែលជាម្ចាស់ផ្ទះថ្មី ដែលទើបនឹងទិញពីគេ និងកំពុងតែឈរមើលការខុសត្រូវកម្មករធ្វើការក្នុងផ្ទះ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងទៀតថា ពេលនោះបុរសទាំង៣នាក់ក៏បានធ្វើការសួរនាំរឿងលុយកុំមីស្យុងរបស់ពួកគេជាមួយនឹងបុរសម្ចាស់ផ្ទះថ្មីដែលទើបនឹងទិញពីគេដែលពួកគាត់បានដឹងថា «ផ្ទះវីឡាមួយនេះមានតម្លៃទៅដល់រហូតទៅដល់ជាង១លានដុល្លារឯណោះ» តែសម្រាប់លុយកុំមីស្យុងដែលពួកគេមកទារពីគាត់នាពេលនេះមិនទាន់ដឹងថា ប៉ុន្មានទេ ។
ពេលនោះ មានការជជែកគ្នាតឹងសរសៃ.កហើយបុរសជាម្ចាស់ផ្ទះបានប្តឹងទៅនគរបាលប៉ុស្តិ៍ប្រាប់ថា «មានគេចូលផ្ទះដោយគ្មានការអនុញ្ញាតិ និងគំរាមកំហែងដល់ក្នុងផ្ទះរបស់ខ្លួន» ក្រោយមកសមត្ថកិច្ច បានឃាត់ខ្លួនបុរសទាំង៣នាក់តែម្តងនោះ ទៅកាន់នគរបាលប៉ុស្តិ៍ទួលទំពូងទី២ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នឹងត្រូវបានបន្តបញ្ជូនមកកាន់តុលាការ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ៕