(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ ផ្លូវសាធារណៈទាំងអស់ សូមចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែត សំពះព្រះខែ និងអកអំបុក នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈយានយន្ដធ្វើចរាចរណ៍នឹងមានកំណើនកើនឡើងខ្ពស់ខុសប្រក្រតី ដែលអាចមានគ្រោះថ្នាក់ចរាចរណ៍ ឬការកកស្ទះចរាចរណ៍ ដូចពិធីបុណ្យនានាកន្លងទៅផងដែរ។
លិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋចំនួន១០ចំណុច ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទុក។
១៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ដ។
២៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។
៣៖ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។
៤៖ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្ដាំជានិច្ច។
៥៖ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពនិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ដ។
៦៖ មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
៧៖ ត្រួវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដជានិច្ច ពិសេសត្រួវពិនិត្យកង់ ចង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ។
៨៖ សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត។ ចំពោះរថយន្ដដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំតម្លើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។
៩៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។
១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អាធ្យាស្រ័យ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសម្ដែងនូវសេចក្ដីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូប នឹងចូលរួមគោរពអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្ដីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្ដីសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកខាងមុខនេះ៕