(សៀមរាប)៖ ហាងតែគុជល្បីឈ្មោះ «KOI The Cambodia» បានពង្រីកសាខារបស់ខ្លួន ដល់ទឹកដីអង្គរ នៃទឹកដីខេត្តសៀមរាប ហើយដើម្បីអបអរសាទរ ក្នុងឱកាសបើកសម្ពោធសាខាថ្មីៗនេះ ហាងតែគុជ «KOI Thé Cambodia» បានផ្ដល់ជូនអថិតិជនរបស់ខ្លួន នូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់៣៦៦៦ រង្វាន់ និងកម្មវិធីពិសេសៗជាច្រើនទៀត។
តំណាងហាងតែគុជ «KOI Thé Cambodia» បានថ្លែងឲ្យដឹងថា ខយតេ សាខាខេត្តសៀមរាប ដែលមានឈ្មោះថា «KOI Thé The Heritage Walk» បានធ្វើការសម្ពោធជាផ្លូវការ កាលពីពេលថ្មីៗនេះ មានទីតាំងនៅក្នុងផ្សារទំនើប «The Heritage Walk» ដែលជាផ្សារទំនើបដ៏ធំបំផុតទី១ នៅក្នុងខេត្តសៀមរាប។
ក្នុងពិធីសម្ពោធនោះ KOI Thé The Heritage Walk មានការចែករង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ ៣៦៦៦ រង្វាន់ ធ្វើឲ្យកក្រើករំជើបរំជួលពេញទីរួមខេត្តសៀមរាប ដែលមានអ្នកចូលរួមទៅដល់ ៥០០០នាក់។
ការពង្រីកហាងតែគុជ ខយតេ មកដល់ខេត្តសៀមរាប ព្រោះតែយើងបានសំឡឹងឃើញថា ខេត្តនេះ មានសក្ដានុពលខ្លាំង ទៅលើកំណើនអ្នកទេសចរទាំងជាតិ និងអន្តរជាតិ ហើយទៅថ្ងៃខាងមុខ នឹងមានអ្នកទេសចរកើតឡើងបន្ថែមទៀត ដូចនេះយើងបានមើលឃើញ ពីភាពទាក់ទាញ និងការរីកលូតលាស់ឥតឈប់ឈរនេះហើយ បានជាសម្រេចពង្រីកសាខា ដល់ខេត្តសៀមរាប។ ជាមួយគ្នានេះ ខយតេ ក៏មានបើកសាខា តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន មួយចំនួនទៀតរួមមាន ថៃ វៀតណាម ឥណ្ឌូនេស៊ី សឹង្ហបុរី ភូមា និងមាននៅហុងកុង ផងដែរ។
តំណាងហាងតែគុជដដែលបន្តថា ខយតេ (KOI Thé Cambodia) ជាហាងលក់តែគុជដែលល្បីល្យាញបំផុត នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងរសជាតិដ៏ឈ្ងុយឆ្ងាញ់ តំលៃសមរម្យ គុណភាពខ្ពស់ និងសេវាកម្មឆាប់រហ័ស ធ្វើឲ្យមានការទទួលស្គាល់ និងចូលចិត្តញ៉ាំ គ្រប់វ័យទាំងអស់ ទាំងក្មេង ចាស់ ប្រុស ស្រី។ ខយតេ បើកដំណើរការបានរយៈពេល ៥ឆ្នាំមកហើយ ដែលមានសាខាសរុប ទាំងអស់ចំនួន១៣សាខា។ ក្នុងនោះ ១២សាខា គឺនៅទីក្រុងភ្នំពេញ និង ១សាខាទៀត នៅក្នុងទីរួមខេត្តសៀមរាប។
សូមបញ្ជាក់ថា ដោយសារតែមានការគាំទ្រ ពីសំណាក់អតិថិជនដ៏ច្រើនលើសលប់ ខយតេ នឹងបន្តបើកសាខាជាច្រើនទៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ៕