(មណ្ឌលគិរី)៖ ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំរុះជាតិសាសន៍ ខ្មែរ ឥស្លាម និងជនជាតិភាគតិចជិត៤,០០០គ្រួសារ ដែលមកពីភូមិឃុំផ្សេងៗគ្នា នៃស្រុកកែសីមា និងសែនមនោរម្យ ខេត្ដមណ្ឌលគិរីនោះ, ប្រជាពលរដ្ឋទាំងនោះ បានថ្លែងអំណរគុណ និងបង្ហាញនូវក្ដីនឹករលឹកស្រលាញ់ ជូនចំពោះម្ដាយមនុស្សធម៌ ដែលម្ដាយ បានចុះមកសួរសុខទុក្ខដោយផ្ទាល់ និងផ្ដល់អំណោយជាស្បៀងអាហារ រួមទាំងថវិកាមួយចំនួនទៀត សម្រាប់កកសាងសមិទ្ធផលនានា នៅតាមភូមិស្រុក ។
អ្នកស្រី លន គីម នៅស្រុកសែនមនោរម្យ ខេត្ដមណ្ឌលគិរី បានបង្ហាញនូវទឹកចិត្ដរំភើបសប្បាយរីករាយ ថា «កូនចៅសប្បាយចិត្ដណាស់ ពេលបានឃើញសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកចុះមកសួរសុខទុក្ខដោយផ្ទាល់ រួមទាំងមាននូវអំណោយមកជាមួយទៀត សប្បាយចិត្ដ ហើយនេះជាលើកទីពីរហើយ ដែលខ្ញុំបានជួបជាមួយសម្ដេច»។
លោក ត្រាំ សាវឿន អ្នកធ្វើចំការដែលជាជនជាតិភាគតិច បានប្រាប់ឲ្យដឹងថា «ខ្ញុំសប្បាយចិត្ដ និងអរណាស់ ដែលបានឃើញសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតដោយផ្ទាល់, ជូនពរឲ្យសម្ដេច សុខសប្បាយ»។
ក្នុងឱកាសនោះ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ក៏បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ទីនោះថា «ខ្ញុំនឹករលឹក និងសប្បាយរីករាយយ៉ាងក្រៃលែង ដោយបានជួបដោយផ្ទាល់ និងដឹងពីសុខទុក្ខ ពុកម៉ែ បងប្អូន ទាំងខ្មែរ ម៉ូស្លីម និងបងប្អូនជនជាតិភាគតិច ពិសេសសប្បាយចិត្ដពេលឃើញបងប្អូនយើងចេះស្រលាញ់គ្នា មិនរើសអើងជាតិសាសន៍ រស់នៅលើទឹកដីកម្ពុជា ដ៏មានសន្ដិភាពមួយនេះ»។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាព ដោយត្រូវពិសាទឹកឆ្អិនដាំពុះ សម្អាតបរិស្ថានជុំវិញផ្ទះ និងរស់នៅមានអនាម័យ ដើម្បីសុខភាពល្អ កាត់បន្ថយអត្រាឈឺ និងការចំណាយក្នុងគ្រួសារ។ ពេលឈឺ ប្រញាប់ទៅរកសេវាព្យាបាលជំងឺ ឱ្យបានទាន់ពេលវេលា នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ហើយត្រូវប្រុងប្រយ័ត្ន ពេលប្រើប្រាស់នូវថ្នាំបុរាណ ទៅតាមជំនឿសាសនាផងដែរ។
សម្រាប់ក្មួយៗត្រូវចិញ្ចឹមបីបាច់សងគុណឪពុកម្តាយ ដែលជាព្រះរស់នៅក្នុងផ្ទះ។
សម្រាប់ស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ហើយសម្រាលកូននៅមណ្ឌលសុខភាព ។ រីឯអ្នករស់នៅជាមួយមេរោគអេដស៍ ត្រូវទៅប្រឹក្សាជាមួយគ្រូពេទ្យ និងលេបថ្នាំទៅតាមកាលកំណត់ ហើយជៀសវាងដាច់ខាត ការចម្លងមេរោគទៅកាន់អ្នកដទៃ។
ចំណែកឯ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តតាមដានចុះជាប់ជិតស្និទ្ធជាមួយប្រជាជន ដើម្បីដឹងពីសុខទុក្ខ និងដោះស្រាយការលំបាកជូនពួកគាត់ឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវលុបបំបាត់គ្រឿងញៀន ល្បែងស៊ីសង គ្រឿងស្រវឹង ដែលជាប្រភពនៃអំពើហិង្សា ចោរកម្ម និងសម្លាប់មនុស្ស នាំបញ្ហាដល់ប្រជាពលរដ្ឋនិងសង្គមជាតិ។
សូមបើកបរគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នពីបញ្ហាភ្លើងឆេះផ្ទះ ដែលអាចកើតឡើងដោយប្រការណាមួយ ជាពិសេសក្នុងខែកត្តិកធ្លាក់ខ្យល់នេះ។
អ្នកស្រី ជា ពៅ រស់នៅឃុំអូរអាប ស្រុកកែសីមា ក៏បានលើកឡើងទាំងសម្រក់ទឹកភ្នែកថា «ខ្ញុំសប្បាយចិត្ដណាស់ ដែលសម្ដេចតែងតែចុះមកជួយកូនចៅក្រខ្សត់» ។
សូមជម្រាបថា ក្នុងឱកាសនោះ ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍ គ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១ម៉ឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជាប្រធាន, សម្ដេចតែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយទីកន្លែងណា មានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា ។
លើសពីនោះដើម្បីឆ្លើយតប នឹងបញ្ហាគ្រោះមហន្ដរាយ បញ្ហាសុខភាព ក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជា ព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជំរុញគ្រប់សកម្មភាពការងារ នៃវិស័យស្នូលទាំង៤ ឱ្យប្រតិបត្តិការ ទៅដោយរលូន និងមានប្រសិទ្ធភាព ក្រៅពីឆ្លើយតបចំពោះភាពងាយរងគ្រោះ និងរងគ្រោះ ថែមទាំងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការផ្ដល់ជូនប្រជាពលរដ្ឋ នៅតាមសហគមន៍នានា នៅកម្ពុជាដូចជា៖
* ខួងអណ្តូងទឹក
*ជីកស្រះទឹក
* សង់បង្គន់អនាម័យ
* សង់ផ្ទះ
* ផ្តល់ធុងចម្រោះ
* ផ្តល់ពាងទឹកចំណុះ
* ផ្តល់ស៊ីទែនទឹកចំណុះ
* ផ្តល់បំពង់ពន្លត់អគ្គិភ័យ
* ផ្តល់មួកសុវត្ថិភាព
* ការបណ្តុះបណ្តាលជំនាញផ្សេងៗ និងធ្វើការផ្សព្វផ្សាយពីគ្រប់សកម្មភាព រួមទាំងកិច្ចការងារមនុស្សធម៌ជាច្រើនផ្សេងៗទៀត ៕