(ព្រះសីហនុ)៖ ជម្លោះក្នុងវង់ផឹកស៊ីមួយបានកើតឡើង ដោយសារតែស្រវឹងជោគជាំរវាងខ្លួន ស្រាប់តែទាស់សម្ដីគ្នា និងឈានដល់វាយតប់ដោយបុរស៣នាក់ ព្រួតគ្នាវាយជនរងគ្រោះម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ វេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវកោះព្រាប ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
របាយការណ៍របស់កម្លាំងនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនបង្កទាំង៣នាក់ ទី១៖ឈ្មោះ ឆាយ ស្រ៊ អាយុ២៤ឆ្នាំ មុខរបរកូនដៃទូកអូរប៊័រ ក្រុមហ៊ុន ស៊ីស៊ីប៊្លូស៊ី ស្នាក់នៅលើអូរប៊័រ, ទី២៖ឈ្មោះ ឆាយ កុងស៊ុន អាយុ២៣ឆ្នាំ មុខរបរកូនដៃទូកអរប៊័រ និងទី៣៖ឈ្មោះ ប៊ុន ដារា អាយុ២១ឆ្នាំ មុខរបរកូនដៃទូកអូរប៊័រ។ ដោយឡែក ជនរងគ្រោះឈ្មោះ ស៊ុន វិច្ឆិកា អាយុ២៨ឆ្នាំ មុខរបរកូនដៃទូកអូរប៊័រក្រុមហ៊ុនចិន ស្នាក់នៅលើអូរប៊រ ស្រុកកំណើតនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមមន្ដ្រីនគរបាលមូលដ្ឋាន មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ បានផឹកស៊ីជាមួយគ្នា នៅចិញ្ចើមផ្លូវកន្លែងកើតហេតុ ដោយជនរងគ្រោះស្រវឹងជោគជាំ ទាស់ពាក្យសម្ដីគ្នា ហើយក៏វាយប្រតាយប្រតប់គ្នា បណ្ដាលឲ្យឈ្មោះ ស៊ុន វិច្ឆិកា ធ្លាក់ពីលើផ្លូវបុកថ្មបែកក្បាល បាក់ក ស្លាប់នៅកន្លែងកើតហេតុតែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕