(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ រដ្ឋបាលសារពើពន្ធ នៃសាធារណរដ្ឋប្រជាមានិតចិន (State Administration of Taxation) ក្នុងក្របខ័ណ្ឌក្រុមសិក្សា ស្តីពីរដ្ឋបាលសារពើពន្ធអាស៊ី និងការសិក្សាស្រាវជ្រាវ (Study Group on Asia Tax Administration and Research “SGATAR”) លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អមដំណើរដោយ លោក អ៊ុ សីហា និងលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង បានដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៨ នៃ SGATAR ចាប់ពីថ្ងៃទី១២-១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅនៅទីក្រុងហ័ងចូវ ខេត្តជីជាំង ប្រទេសចិន។
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៤៨ របស់ SGATAR មានវត្តមានលោក WANG JUN អគ្គនាយកនៃរដ្ឋបាលសារពើពន្ធ នៃសាធារណៈរដ្ឋប្រជាមានិតចិន ជាប្រធានផ្លាស់វេន ក៏ដូចជាវត្តមាន អគ្គនាយកនៃអាជ្ញាធរពន្ធដាររបស់ប្រទេសសមាជិក SGATAR ទាំង១៦ (ប្រទេសអូស្ត្រាលី ណូវ៉ែលសេឡង់ ជប៉ុន កូរ៉េខាងត្បូង ម៉ុងគោលលី ម៉ាកាវ ហុងកុង កម្ពុជា សឹង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃឡង់ដ៍ វៀតណាម តៃវ៉ាន់ និងចិន) និងសមាជិកគណៈប្រតិភូនានាប្រមាណជាង២០០នាក់ និងមានអ្នកអង្កេតការមកពីប្រទេសឥណ្ឌា និងប្រទេសបារាំង ព្រមទាំងអង្គការអន្តរជាតិមួយចំនួនដូចជា IMF, ADB, UN, OECD, IBFD, AOTCA និង World Bank។
នៅក្នុងកិច្ចប្រជុំក្រុមការងារប្រធានគណៈប្រតិភូ (Head of Delegates - HoD) លោក គង់ វិបុល បានចូលរួមធ្វើជាវាគ្មិនក្នុងការធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងជោគជ័យ នៃកំណែទម្រង់ពន្ធដារនៅកម្ពុជាកន្លងមក ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារកម្ពុជា ជូនដល់តំណាងអាជ្ញាធរពន្ធរបស់បណ្តាប្រទេស ដែលជាសមាជិកទាំងអស់ ព្រមទាំងបានពិភាក្សាយ៉ាងផុសផុល អំពីការចែករំលែកបទពិសោធន៍ល្អៗ ជាពិសេសការធ្វើកំណែរទម្រង់ពន្ធដារថ្មីៗរបស់ ប្រទេសសមាជិកនីមួយៗ ក៏ដូចជាបញ្ហាប្រឈមនានា។
ក្នុងកិច្ចប្រជុំនោះ ក្រុមការងារ HoD មានជំនឿចិត្ត និងតាំងចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បី ១៖ ធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួល ក្នុងការប្រកបអាជីវកម្ម (Ease of Doing Business) ដោយផ្តោតលើសូចនាករ នៃការវាយតម្លៃរបស់ធនាគារពិភពលោក ២៖ពង្រឹងការកសាងសមត្ថភាព របស់រដ្ឋបាលសារពើពន្ធ តាមរយៈការផ្លាស់ប្តូរ ចែករំលែកនូវបទពិសោធន៍ និងការអនុវត្តល្អៗ ការរៀបចំកម្មវិធីបណ្តុះបណ្តាលរបស់ SGATAR និងស្ថាប័នអន្តរជាតិនានា។
បន្ថែមពីលើនេះ «គំនិតផ្តួចផ្តើមនៃគម្រោងខ្សែក្រវ៉ាត់ ឬខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវជំនួញសូត្រ និងផ្លូវជំនួញសូត្រសមុទ្រសតវត្សរ៍ទី២១ (Belt and Road Initiative - BRI or Silk Road Economic Belt)» ត្រូវបានទទួលស្គាល់ថា ជាយន្តការថ្មីមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបណ្តាញទំនាក់ទំនងពហុភាគី នឹងចូលរួមចំណែកក្នុងការធ្វើឱ្យកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងសាកលប្រកបដោយចីរភាព និងបរិយាប័ន។
សម្រាប់គំនិតផ្តួចផ្តើមនេះ អនុវត្តតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានបញ្ជាក់ថា នឹងគាំទ្រយ៉ាងពេញទំហឹងចំពោះ គំនិតផ្តួចផ្តើមនៃគម្រោងខ្សែក្រវ៉ាត់ (Belt and Road Inititative) ហើយនឹងជំរុញការអនុវត្តឲ្យបានពេញលេញបន្ថែមទៀត ទាំងក្នុងយន្តការទ្វេភាគី ក៏ដូចយុទ្ធការពហុភាគី ដើម្បីជំរុញការធ្វើការរួមគ្នា ដែលស្របតាមការវិវត្តនៃសេដ្ឋកិច្ចក្នុងតំបន់ និងសាកលលោក ដែលអាចធ្វើអោយប្រសើរឡើនូវការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និងធានាបាននូវស្ថិរភាពកំណើនចំណូលពន្ធ។
ជាមួយគ្នានេះផងដែរ ក្រុមការងារ HoD ក៏បានបោះឆ្នោតគាំទ្ររដ្ឋបាលសារពើពន្ធនៃប្រទេសឥណ្ឌូនេស៊ី ឱ្យធ្វើប្រធានប្តូរវេននិងជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៤៩ របស់ SGATAR ដែលនឹងរៀបចំឡើងនៅទីក្រុង Yogyakarta ដោយសមាសភាពគណៈកម្មការ (SGATAR Taskforce) ឆ្នាំ២០១៩ មានប្រទេសចិនជាប្រធាន ហើយប្រទេសឥណ្ឌូនេស៊ី និងប្រទេសជប៉ុនជាសមាជិក៕