(ភ្នំពេញ)៖ ជនសង្ស័យជាចោរ និងជាអ្នកប្រើប្រាស់គ្រឿងញៀនម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង របស់ជនរងគ្រោះជាមន្ត្រីរាជការបានសម្រេច នៅត្រង់ចំណុចផ្ទះគ្មានលេខមួយកន្លែង ក្នុងក្រុមទី៤ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុន្ដែក្រោយពីកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍សង្កាត់ច្រាំងចំរេះទី២ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដែលស្ថិតក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ បានបើកការស្រាវជ្រាវភ្លាមៗ ដើម្បីកំណត់ពីអត្តសញ្ញាណរបស់ជនសង្ស័យ ទើបឈានដល់ការឃាត់ខ្លួនបាន និងដកហូតបានម៉ូតូ១គ្រឿង ម៉ាកGTRZXM-25 ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ1GU-8751 នៅវេលាម៉ោង០២៖៣០នាទីរសៀល។
មន្ត្រីនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យដែលបង្ក្រាបបាន ក្នុងបទល្មើសលួច (មានស្ថានទម្ងន់ទោស) ឈ្មោះ ញ៉ែប សុវណ្ណារិទ្ធ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្រុម២ ភូមិខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ និងមានសារធាតុញៀន។ រីឯជនរងគ្រោះម្ចាស់មូតូឈ្មោះ ហ៊ុល ភក្ដី អាយុ៣៨ឆ្នាំ មុខរបរមន្រ្តីរាជការ ស្នាក់នៅផ្ទះលេខ១១២ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុម៤ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលដដែល បានបញ្ជាក់ពីដំណើររឿង មុនឈានដល់ការដេញតាមស៊ើបអង្កេតបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូ និងជាអ្នកប្រើប្រាស់គ្រឿងញៀន យ៉ាងដូច្នេះថា នៅវេលាម៉ោងប្រមាណ០៩៖៤០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ថាជនរងគ្រោះជាមន្ត្រីរាជការ បានជិះម៉ូតូរបស់ខ្លួនខាងលើទៅដឹកទីកក លុះត្រទ្បប់មកដល់មុខផ្ទះវិញ ក៏លើកទីកកកចូលទៅក្នុងផ្ទះ ដោយទុកសោរនៅជាប់ម៉ូតូស្រាប់ ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ស្រាប់តែលេចមុខជនសង្ស័យបានធ្វើសកម្មភាពលួចយកជិះគេចខ្លួនបាត់ភ្លាមៗតែម្ដង។
បន្ទាប់ពីជនសង្ស័យលួចបានម៉ូតូហើយ ជិះរត់គេចខ្លួនបាត់ស្រមោល ទើបកម្លាំងសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ក៏បានបើកការស្រាវជ្រាវរហូតបង្ក្រាបឃាត់ខ្លួនបានត្រឹមតែប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ។
ទោះបីយ៉ាងណា ចំពោះជនសង្ស័យជាចោរលួចម៉ូតូ និងជាអ្នកប្រើប្រាស់គ្រឿងញៀន បាននិងកំពុងស្ថិតក្រោមការបន្តឃុំខ្លួនសាកសួបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕