(ភ្នំពេញ)៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាល បានបាញ់ទម្លុះរថយន្ត Toyota Highlander របស់ខ្លួនចំនួន១១គ្រាប់ បណ្ដាលឲ្យបែកកញ្ចក់រថយន្តផ្នែកខាងមុខ ព្រោះខឹងម្ដាយទៅរករឿង ពេលដែលខ្លួនកំពុងតែច្រៀងលេងសប្បាយ នៅក្នុងហាងខារ៉ាអូខេមួយកន្លែង ឈ្មោះ «ពិភពរាត្រី» ស្ថិតនៅតាមបណ្ដោយផ្លូវ១៧៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាម៉ោងជាង១១យប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
មន្ត្រីអាវុធហត្ថមួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មន្ត្រីនគរបាលដែលបានបាញ់បោះសេរីខាងលើមានឈ្មោះ ថា រ៉ា ។ នៅមុនពេលកើតហេតុមន្ត្រីនគរបាលរូបនោះ បានបើករថយន្តម៉ាក Toyota Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-3913 ចូលមកច្រៀងខារ៉ាអូខេ។ មួយសន្ទុះក្រោយមកស្រាប់តែលេចមុខម្ដាយរបស់គេ បានមករករឿងដល់កន្លែង ធ្វើឲ្យមន្ត្រីនគរបាលរូបនោះ មានការខឹងសម្បារនឹងម្ដាយ ក៏ស្ទុះដើរចេញមកក្រៅដកកាំភ្លើង បាញ់រថយន្តរបស់ខ្លួនចំនួន១១គ្រាប់ បណ្ដាលឲ្យធ្លុះកញ្ចក់រថយន្តខាងមុខ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋដែលរស់ នៅក្បែរកន្លែងកើតហេតុ។
បន្ទាប់ពីធ្វើសកម្មភាពបាញ់រួចហើយ ទាំងម្ដាយទាំងកូន បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ ដោយបន្សល់ទុកនៅរថយន្ត ដែលរងដោយគ្រាប់កាំភ្លើង ហើយរថយន្តនោះត្រូវបានក្រុមសន្តិសុខ រុញចេញទៅលាក់ទុក នៅចម្ងាយពីកន្លែងកើតហេតុជាង១០០ម៉ែត្រ។
ទោះជាយ៉ាងណាមន្ត្រីអាវុធហត្ថដដែលបានបញ្ជាក់ឲ្យដឹងថា លោកនឹងធ្វើការស្រាវជ្រាវ រកមន្រ្តីនគរបាលដែលបានបាញ់នោះ យកមកបំភ្លឺពាក់ព័ន្ធនឹងការផ្ទុះអាវុធខាងលើ ខណៈសំបកគ្រាប់ដែលមន្ត្រីបាញ់បោះនោះ មិនបានបន្សល់ទុកនៅកន្លែងកើតហេតុទេ៕