(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០១៩ ជប៉ុនបានបន្តផ្តល់ជំនួយដោះមីន ចំនួនជិត៤លានដុល្លារដល់ស៊ីម៉ាក់។
លោកថា សម្រាប់ថវិកាជិត៤លានដុល្លារ ក្នុងនោះមានថវិកាចំនួន៣,៥៣៦,៦៨០ដុល្លារអាមេរិក សំរាប់គាំទ្រកិច្ចប្រតិបតិ្តកាបោសសំអាតមីន និងថវិកាចំនួនជាង៣០ម៉ឺនដុល្លារ សំរាប់ការអភិវឌ្ឍន៍ របស់អង្គភាពស៊ីម៉ាក់ នៅទិសខេត្តបាត់ដំបង ក្រោយគំរោងសមាហរកម្មការបោសសំអាតមីន និងសង្គ្រោះជនពិការដោយសារមីន ដែលគំរោងនេះមានរយៈពេល១២ខែ (១ មករា-៣១ ធ្នូ ២០១៩) ហើយនេះជាឆ្នាំទី៣ នៃគំរោងផងដែរ។
លោក ហេង រតនា បញ្ជាក់ថា ជាមួយគំរោងជំនួយរបស់ជប៉ុននេះ មានមន្ត្រីជំនាញចំនួនជាង៤៥០នាក់ បំរើកិច្ចប្រតិបត្តិការ និងមានគ្រឿងចក្រកំទេចមីនចំនួន១១គ្រឿង ដោយមានសមត្ថភាពរំដោះផ្ទៃដីចំការមីនជាង២,៧៥០ហិចតា។ ទន្ទឹងនេះក៏មានជួយជីកស្រះទឹក ធ្វើផ្លូវលំជនបទផងដែរ ដើម្បីជួយការងារអភិវឌ្ឍន៍ជូនសហគមន៍។
លោកអគ្គនាយកបញ្ជាក់ថា គំរោងបោសសំអាតមីននេះ ត្រូវអនុវត្តដោយអង្គភាពស៊ីម៉ាក់ ដោយមានភ្នាក់ងារជប៉ុន JICS (Japan International Consultant System) ត្រួតពិនិត្យគុណភាព។
សូមជម្រាបថា ជប៉ុនជាប្រទេសនាំមុខគេមួយ ដែលផ្តល់ជំនួយសម្រាប់សកម្មភាពបោសសំអាតមីននៅកម្ពុជា។ គិតចាប់ពីបើកប្រតិបត្តិការជាង២០ឆ្នាំកន្លងមកនេះ ស៊ីម៉ាក់បានធ្វើការកម្ទេចគ្រាប់មីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ រហូតដល់២,៧លានគ្រាប់ ពោលប្រមាណ៧០ភាគរយ នៃគ្រាប់មីនដែលបន្សល់ទុក និង៥៣ភាគរយ នៃចំនួនផ្ទៃដីសរុបដែលមានគ្រាប់មីន៕