(ភ្នំពេញ)៖ ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បាញល្បីរបស់កម្ពុជា លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពនៅម៉ោងប្រមាណ ១៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។
លោកតា ប្រាជ្ញ ឈួន ត្រូវបានក្រុមគ្រួសារយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតអស់ជាច្រើនថ្ងៃមកហើយ។ សពលោកតា ប្រាជ្ញ ឈួន ត្រូវបានក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តបទុមវតី ក្រោមការឧបត្ថម្ភរបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតី។
លោកតា ប្រាជ្ញ ឈួនចាប់កំណើតនៅខែតុលាឆ្នាំ១៩៣៦ ជាកូនពៅក្នុងគ្រួសារកសិករ ដែលមានកូនប្រាំមួយនាក់នៅភូមិត្រពាំងកក់ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ លោកតា បានចាប់ផ្តើមរៀនចាប៉ីនៅអាយុ ៩ឆ្នាំពីឪពុកមារខាងឪពុកម្នាក់ឈ្មោះប៉ែត ឌុប ហៅចង្កូមប្រាំបី។
លោកតា ជាកូនសិស្សរបស់លោកសង្ឃព្រះនាមអេតសែនក្នុងវត្តប្រមរ។ ព្រះសង្ឃបានបង្ហាត់បង្រៀនបាលី ចម្រៀង កំណាព្យ និងរឿងនិទានអក្សរសិល្ប៍ផ្សេងៗដល់រូបលោកដែលជាហេតុធ្វើឲ្យលោកសម្បូរវោហារ និងចេះដឹងផ្នែកអក្សរសាស្ដ្របានច្រើន។
ក្រោយពីរៀនចេះវិជ្ជាដេញចាប៉ីដងវែងហើយ ទស្សនិកជនដំបូងរបស់លោកគឺអ្នករួមស្រុកទាំងឡាយ។ លោកតា ប្រាជ្ញ ឈួន ជាអ្នកចម្រៀងចាប៉ីដែលមានសំឡេងធំមូលក្រអួនប្រកបដោយទឹកដមនិងភាពប៉ិនប្រសព្វ។
ក្រោយមកនៅឆ្នាំ១៩៦២ លោកបានចូលរួម «ការប្រឡងប្រជែងដើម្បីជ្រើសរើសអ្នកចេះដឹងផ្នែកចាប៉ីដងវែង» របស់វិទ្យុជាតិ ហើយក៏បានឈ្នះការប្រកួតដោយទទួលបានចំណាត់ថ្នាក់លេខ១ក្នុងចំណោមអ្នកចូលរួមទាំង២០នាក់។
ចាប់តាំងពីពេលនោះមក លោកតា ក៏ចាប់ផ្តើមច្រៀងដាក់វិទ្យុជាតិនៅឯភ្នំពេញ។ ខ្លឹមសារនៃចម្រៀង គឺត្រូវបានកំណត់ដោយចាងហ្វាងវិទ្យុ ដែលក្នុងនោះច្រើនតែទាក់ទងនឹងប្រវត្តិសាស្រ្ត នយោបាយ និងអ្នកល្បីៗជាច្រើននៅក្នុងសហប្រជាជាតិ។
ក្រោយពីកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមបានដួលរលំទៅនៅថ្ងៃទី៧មករាឆ្នាំ១៩៧៩ លោកតា ប្រាជ្ញ ឈួន បានចាប់ផ្តើមអាជីពជាអ្នកច្រៀងចាប៉ីឡើងវិញ។ លោកតា បានត្រឡប់មកភ្នំពេញ និងបានច្រៀងនៅកម្មវិធីវិទ្យុជាតិកម្ពុជា។ក្រៅពីនោះ លោកក៏បានទទួលការអញ្ជើញឲ្យទៅច្រៀងក្នុងកម្មវិធីផ្សេងៗទៀតដែរ។
បច្ចុប្បន្នលោកតា ប្រាជ្ញ ឈួន មានកូនចំនួន ៥នាក់ ក្នុងនោះមាន ៣នាក់ដែលរស់នៅជាមួយគាត់។ មួយជីវិតរបស់លោកកាន់ដងចាប៉ីជាប្រចាំ។ ដោយសារភាពល្បីល្បាញរបស់លោកតា លោកតាត្រូវបានគេអញ្ជើញទៅច្រៀងនៅតាមខេត្តនិងរាជធានីមួយចំនួនដូចជាខេត្តរតនគីរី មណ្ឌលគីរី ឧត្តរមានជ័យ និងរាជធានីភ្នំពេញជាដើម។
លើសពីនេះទៅទៀត លោកតាក៏ធ្លាប់ទៅបញ្ចេញសំនៀងនៅឯបរទេសផងដែរ ដូចជានៅសហរដ្ឋអាមេរិក២ដង ប្រទេសបារាំងបាន៣ដង និងទៅប្រទេសសឹង្ហបុរីបានម្តង។
ចម្រៀងរបស់លោកតា មានជាកំប្លែងខ្លះ ហើយភាគច្រើនគឺផ្តល់ជាការអប់រំ។ លោកតា ចូលចិត្តច្រៀងរៀបរាប់ច្បាប់ស្រី ហើយលោកតាចេះច្រៀងច្បាប់ក្រមង៉ុយដល់ទៅ៤ច្បាប់។ មិនតែប៉ុណ្ណោះ លោកតា នៅចេះតែងបទចម្រៀងភ្លាមៗស្របពេលនឹងកំពុងច្រៀងទៀតផង ហើយឃ្លាឃ្លោងក៏ជួនគ្នាបានល្អទៀត៕