(សៀមរាប)៖ បណ្តាញការថែទាំសង្គ្រោះបន្ទាន់ និង គ្រោះមហន្តរាយអាស៊ីប៉ាស៊ីហ្វិក បានរៀបចំសន្និសីទប្រចាំឆ្នាំ២០១៨ ដើម្បីកសាងសមត្ថភាព និងភាពធន់នឹងគ្រោះមហន្តរាយ ការចូលរួមរបស់គិលានុបដ្ឋាក។ ក្នុងអំឡុងពេលពីរថ្ងៃកន្លងមកនេះមានអ្នកចូលរួមចំនួន ១០៧ នាក់ មកពី១៣ ប្រទេសរួមមានអូស្ត្រាលី កម្ពុជា ចិន ឥណ្ឌា ជប៉ុន ហ្វីលីពីន កូរ៉េខាងត្បូង ស្វ៊ីស ថៃ សហរដ្ឋអាមេរិក និងវៀតណាម។ ដែលបានរៀបចំនៅក្រុងសៀមរាប ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាលបានថ្លែងនាពិធីបិទសន្និសិទនេះថា៖ តាមរយៈបទបង្ហាញជាច្រើន ដែលធ្វើឡើងដោយអ្នកតំណាងមកពីប្រទេសផ្សេងៗគ្នានៅថ្ងៃនេះ យើងទាំងអស់គ្នាយល់ថាគ្រោះមហន្តរាយ កើតមានជាញឹកញាប់នៅក្នុងពិភពលោក ហើយវានឹងបន្តកើតឡើងដោយគ្មានទីបញ្ចប់។ នៅពេលវាកើតឡើងវា អាចមានផលវិបាក ធ្ងន់ធ្ងរទៅលើជីវិតមនុស្ស និងទ្រព្យសម្បត្តិ ដែលមានការខូចខាតដែលអាចឈានដល់រាប់ ពាន់លានដុល្លារ។ លើសពីនេះទៅទៀតគ្រោះមហន្តរាយ ក៏អាចមានផលប៉ះពាល់អវិជ្ជមាន យ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចរបស់ប្រទេស បន្តប៉ះពាល់ដល់ GDP និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ។
លោកស្រី បានបញ្ជាក់ថា៖ គោលបំណងនៃសន្និសីទនេះគឺ (១) ចែករំលែកបទពិសោធន៍លើសមត្ថភាពនៃគ្រោះមហន្តរាយ និងការកសាងសមត្ថភាពក្នុងការអប់រំការស្រាវជ្រាវនិងការអនុវត្ត។ (២) លើកកម្ពស់ការអនុវត្តគ្លីនិកល្អបំផុតក្នុងការគ្រប់គ្រង និងទប់ទល់ នឹងគ្រោះមហន្តរាយ។ (៣) ពង្រឹងការត្រៀមខ្លួនចំពោះគ្រោះមហន្តរាយនៅក្នុងសហគមន៍ និងការថែទាំសុខភាព។ លទ្ធផលនៃសន្និសីទនេះបានទាញយកនូវព័ត៌មាន និងបទពិសោធន៍ យ៉ាងច្រើនដែលរួមមានការអប់រំគ្រោះមហន្តរាយ ការស្រាវជ្រាវក្នុងគ្រោះមហន្តរាយ ភាពជា អ្នកដឹកនាំនិងការគ្រប់គ្រង ក្នុង ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការឆ្លើយតបនឹង គ្រោះមហន្តរាយខាងចិត្តសាស្រ្ត។ សន្និសីទនេះអាចពិភាក្សាអំពីមធ្យោបាយ និងវិធីសាស្រ្តក្នុង ការអនុវត្ត ក្នុងការទប់ស្កាត់ការកាត់ បន្ថយការត្រៀមរៀបចំ ការឆ្លើយតប និងការប្រសើឡើង វិញដែលជំរុញ APEDNN នេះបង្កើន បណ្តាញវិជ្ជាជីវៈដើម្បីលើកកម្ពស់សមត្ថភាព គិលានុបដ្ឋាកនិងឆ្មបដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយទៅលើសហគមន៍ សុខភាព។
ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអនុវត្តដោយប្រើវិធីសាស្រ្ត គ្រោះមហន្តរាយក្នុងគោលបំណងដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ប៉ុន្តែមាន បញ្ហាប្រឈមសំខាន់ៗដូចតទៅ: (១) កង្វះខាតជំនាញគិលានុបដ្ឋាក និងឆ្មប (២) កង្វះថវិកា ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះដើម្បីឲ្យមានប្រសិទ្ធភាព។ (3) និងកង្វះការវាយតម្លៃ ហានិភ័យនៃគ្រោះមហន្តរាយនានាទាក់ទងនឹង មុនពេលមាន ឧប្បត្តិហេតុ កំពុងមាន ឧបទ្ទវហេតុ និងក្រោយឧប្បត្តិហេតុ។
អនុសាសន៍នាពេលអនាគត ការកើនឡើងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ទៅលើបុគ្គល និងសហគមន៍តម្រូវឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់នូវគិលានុបដ្ឋាកដែលមាន សមត្ថភាពដើម្បីបំពេញនូវតម្រូវការសម្រាប់អ្នកផ្តល់សេវាថែរក្សាសុខភាពដើម្បីឆ្លើយតបទៅនឹងភាពគ្រោះអាសន្នស្មុគស្មាញដល់ជីវិតមនុស្ស។ គ្រោះមហន្តរាយមានផលប៉ះពាល់ជាសកល ទាំងនេះមិនអាចត្រូវបានដោះស្រាយដោយសហគមន៍ ឬប្រទេសតែមួយបានទេ។
ជារឿយៗពួកគេត្រូវការធនធានជាច្រើន និងធនធានមនុស្សដែលមានវិជ្ជាជីវៈខុសៗគ្នាធ្វើការជាមួយគ្នា ដើម្បីសង្គ្រោះជីវិត។ នៅក្នុងការថែទាំនេះតម្រូវ ឱ្យមានកម្លាំងពលកម្មដែលមាន សមត្ថភាពប្រហាក់ប្រហែលគ្នាពោលគឺ គិលានុបដ្ឋាកដែលយល់អំពីការងារដែលត្រូវធ្វើ និងរបៀបអនុវត្ត ការងារដោយមិនគិតពីភាសាការអប់រំ និងបទពិសោធន៍។
នៅក្នុងឱកាសដ៏អស្ចារ្យនេះ សូមណែនាំអ្នកចូលរួម និងតំណាងរបស់ប្រទេសទាំងអស់ដូចខាងក្រោម៖
១. ចែករំលែកមេរៀន និងបទពិសោធន៍ពីគ្រោះមហន្តរាយពីវិធីសាស្ត្រអនុវត្ត ការកែលម្អលទ្ធផល និងការស្រាវជ្រាវប្រកបដោយប្រសិទ្ធភាព។
២. ពង្រឹងការងារសង្គ្រោះបន្ទាន់ និងសម្របសម្រួលពេលមានគ្រោះមហន្តរាយ ដើម្បីគាំទ្រដល់រដ្ឋជាសមាជិករបស់បណ្តាប្រទេសក្នុងបណ្តាញ។
៣. វាជាការសំខាន់ដែលបណ្តាប្រទេស និងគ្រឹះស្ថានថែទាំសុខភាពរៀបចំផែនការ ដើម្បីឲ្យមានបុគ្គលិកជាគិលានុបដ្ឋាក និងឆ្មបដែលមានចំណេះដឹងផ្នែកថែទាំគ្រោះមហន្តរាយ ជាពិសេសអ្នកគ្រប់គ្រងគិលានុបដ្ឋាកដើម្បីធ្វើការនៅតំបន់ដែលមានគ្រោះមហន្តរាយក្នុង មុខតំណែងធម្មតារបស់ពួកគេដែលបំពេញដោយគិលានុបដ្ឋាកដទៃទៀត។
៤. សមត្ថភាពថែទាំគ្រោះមហន្តរាយត្រូវតែបង្កើតឡើងសម្រាប់គិលានុបដ្ឋាក ទូទៅដែលត្រូវការ សម្រាប់គិលានុបដ្ឋាកផ្នែកថែទាំគ្រោះមហន្តរាយ។
៥. រៀបចំផែនការជាមុនសម្រាប់បុគ្គលិកថែទាំសុខភាពដែល ត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ៕