(សៀមរាប)៖ សវនកម្មផ្ទៃក្នុងរបស់អាជ្ញាធរជាតិអប្សរាបានបង្ហាញថា ការងារដែលអាជ្ញាធរជាតិអប្សរាអនុវត្តក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ISO-14001:2015 កន្លងមក គឺសម្រេចបានតាមគោលនយោបាយ និងគោលបំណងបរិស្ថាន ពោលគឺមានភាពល្អប្រសើរគួរជាទីមោទនភាព។
សវនកម្មផ្ទៃក្នុងលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ របស់អាជ្ញាធរជាតិអប្សរា ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ដោយលទ្ធផលបានបង្ហាញថា ប្រព័ន្ធគ្រប់គ្រងបរិស្ថាននៅតាមនាយកដ្ឋានទាំង១៦ និងមួយអង្គភាពរបស់អាជ្ញាធរជាតិអប្សរា មានភាពល្អប្រសើរឡើង ក្នុងនោះមិនមានចំណុចមិនអនុលោមឡើយ គ្រាន់តែចំណុចអនុសាសន៍ មាន១៦ចំណុច ដែលកើនឡើងជាងឆ្នាំទៅតែប៉ុណ្ណោះ។
លោក សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បានផ្ដាំផ្ញើដល់គ្រប់នាយកដ្ឋានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម ដើម្បីធ្វើយ៉ាងណាឱ្យលទ្ធផលកាន់តែប្រសើរជាងនេះជាបន្តបន្ទាប់។
សវនកម្មនេះធ្វើឡើងដើម្បីប្រសិទ្ធភាព ផ្តោតលើលទ្ធផលសម្រេចបានតាមគោលនយោបាយ និងគោលបំណងបរិស្ថាន។ ស្ថានភាពនៃការគោរពច្បាប់បញ្ញត្តិទាក់ទងបរិស្ថាន ឆ្លើយតបទៅនឹងការប្រាស្រ័យទាក់ទងជាមួយភាគីផ្ទៃក្រៅ ស្ថានភាពនៃការកែតម្រូវ និងការបង្ការភាពមិនអនុលោម កែលម្អការសម្តែងបរិស្ថានទាំងមូល៕