(អ៉ីតាលី)៖ រមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំង៣របស់កម្ពុជា គឺរមណីយដ្ឋានអង្គរ រមណីយដ្ឋានសំបូរព្រៃគុក និងរមណីយដ្ឋានប្រាសាទព្រះវិហារ ត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍បេតិកភណ្ឌ និងទេសចរណ៍នៃតំបន់មេឌីទែរ៉ាណេ និងអឺរ៉ុប នៅប្រទេសអ៉ីតាលី។
ការចូលរួមតាំងពិព័រណ៍នេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ក្នុងឱកាសដែលលោកស្រីចូលរួមជាភ្ញៀវកិត្តិយស ក្នុងកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍អំពីបេតិកភណ្ឌ និងទេសចរណ៍នៃតំបន់មេឌីទែរ៉ាណេ និងអឺរ៉ុប នៅប្រទេសអ៉ីតាលី ចាប់ពីថ្ងៃទី១៥-១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
កម្មវិធីនេះជាកិច្ចប្រជុំលក្ខណៈអន្ដរជាតិ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍រវាងប្រទេសក្នុងតំបន់មេឌីទែរ៉ាណេ ប្រទេសក្នុងតំបន់អឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀតសរុបចំនួន ៤៨ប្រទេស ដែលរួមមានការជួបប្រជុំពិភាក្សារវាងអ្នកជំនាញ ដោយផ្តោតលើការរៀបចំឯកសារបេតិកភណ្ឌ ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកបុរាណវិទ្យា ការផ្សព្វផ្សាយអំពីបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ ដោយសាកលវិទ្យាល័យ អ្នកប្រតិបត្តិករផ្នែកបេតិកភណ្ឌ និងទេសចរណ៍ពីបណ្តាប្រទេសចំនួន ៣០ប្រទេស និងអ្នកចូលទស្សនាប្រមាណ ១ម៉ឺននាក់ ។
ក្នុងនាមជាភ្ញៀវកិត្តិយស លោកស្រី ភឿង សកុណា បានជួបពិភាក្សាការងារជាមួយអ្នករៀបចំកម្មវិធី និងប្រតិភូនៃបណ្តាប្រទេសផ្សេងៗ ឥស្សរជនសំខាន់ៗមួយចំនួនជាមិត្តរបស់កម្ពុជា គឺលោកសាស្ត្រាចារ្យ Mounir Bouchenaki និងលោកសាស្ត្រាចារ្យ Azedine Beschaouch។
ទន្ទឹមនេះដែរ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេសភ្ញៀវកិត្តយសត្រូវបាន អញ្ជើញធ្វើការរៀបចំស្តង់ពិព័រណ៍បង្ហាញ និងផ្សព្វផ្សាយអំពីរមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំង៣របស់កម្ពុជា គឺរមណីយដ្ឋានអង្គរ រមណីយដ្ឋានសម្បូរព្រៃគុក និងរមណីយដ្ឋានប្រាសាទព្រះវិហារ។
សូមបញ្ជាក់ថា គោលបំណងនៃកម្មវិធីគឺដើម្បីបង្ហាញអំពីសារៈសំខាន់នៃបេតិកភណ្ឌវប្បធម៌ដែលជាកត្តាជម្រុញដ៏ចម្បង ក្នុងការបង្កើតទំនាក់ទំនងរវាងគ្នាទៅវិញទៅមកនៃវប្បធម៌ចម្រុះជាតិសាសន៍ ការច្របាច់រួមបញ្ចូលគ្នាក្នុងសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងមនុស្ស និងមនុស្ស តាមរយៈការចូលរួមការផ្លាស់ប្តូរបទពិសោធន៍ និងការផ្សព្វផ្សាយផ្ទាល់ដោយមន្ត្រីនៃប្រទេសកិត្តិយសមួយចំនួន ដែលក្នុងនោះលោកស្រី ភឿង សកុណា បានចូលរួមតំណាងរាជរដ្ឋាភិបាលកម្ពុជា៕