(ភ្នំពេញ)៖ ដើម្បីពង្រឹងការផ្លាស់ប្តូរគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិផល កម្ពុជា-កូរ៉េ ស្ថានទូតសាធារណរដ្ឋកូរ៉េ បានរៀបចំពិព័រណ៍ពាណិជ្ជកម្មអាហារកែច្នៃពីកសិផល ឆ្នាំ២០១៨ នៅកម្ពុជា។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងដោយសហការជាមួយ AT, KOTRA និងស្ថានទូតសាធារណរដ្ឋកូរ៉េ នៅកម្ពុជា ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលនិងអ្នកជំនួញជាង២០០នាក់ ដែលចូលរួមនៅក្នុងឧស្សាហកម្មកសិកម្ម-ម្ហូបអាហារ ពីប្រទេសកូរ៉េ និងកម្ពុជានេះ ដែលធ្វើឡើងនៅដើមសប្ដាហ៍នេះ។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា អូ ណាក់យ៉ង់ (Oh Nak-Young) បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកូរ៉េ កំពុងជំរុញនូវគោលនយោបាយទិសដៅភាគខាងត្បូងថ្មី ដើម្បីធ្វើការពង្រឹងនូវទំនាក់ទំនងជាមួយនឹងប្រទេសអាស៊ានទាំងឡាយ ហើយចំនុចសំខាន់នៃគោលនយោបាយនេះ គឺការអនុវត្តស្តីពី «ការបង្កើតនូវវិបុលភាពជារួម នៅក្នុងសហគមន៍សន្តិភាព ដោយផ្តោតសំខាន់ទៅលើមនុស្ស»។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េរូបនេះ បានថ្លែងបញ្ជាក់ថា ប្រទេសកូរ៉េ គឺជាប្រទេសនាំមុខគេខាងផ្នែកឧស្សាហកម្មកសិផលនៅអាស៊ី ហើយម្ហូបអាហារកូរ៉េជាច្រើនបានទទួល ការពេញនិយមនៅកម្ពុជា រួមទាំងភេសជ្ជៈផ្អែម ភេសជ្ជៈមានជាតិអាល់កុល ពិសេសគុយទាវ ដែលនៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា។
លើសពីនោះ ក្នុងកម្មវិធីពិពណ៍ផលិតផលកសិកម្មនៅកម្ពុជា អ្នកអាចឃើញផលិតផលកសិកម្មជាច្រើនដូចជា ស្វាយ ចេក និងស្ករត្នោតពីកម្ពុជា ដែលផលិតដោយសហគ្រាសកសិកម្មកូរ៉េ។ នេះគឺជាផ្លែផ្ការវាងបច្ចេកទេសកសិកម្ម កម្រិតខ្ពស់ និងបណ្តាញចែកចាយទូទាំងពិភពលោក របស់ប្រទេសកូរ៉េ និងផលិតផលកសិកម្មដ៏ល្អ នៃប្រទេសកម្ពុជា។
សមាគមឧស្សាហកម្មកូរ៉េនៅកម្ពុជា គឺជាការប្រមូលផ្តុំ នូវក្រុមហ៊ុនកូរ៉េ ដែលវិនិយោគលើវិស័យកសិកម្ម នៅកម្ពុជា ដោយសង្ឃឹមថា វិស័យកសិកម្មជាតិ និងអន្តរជាតិ ឈានមុខគេរបស់ប្រទេសកូរ៉េ ក៏ដូចជាបណ្តាញ ចែកចាយត្រូវបានផ្ទេរទៅឱ្យការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។
ជាងនេះទៅទៀត ការតាំងពិព័រណ៍កាហ្វេ គ្រាប់ស្វាយចន្ទី និងម្រេច ដែលជាផលិតផលកសិកម្មតំណាងប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញពីឆន្ទៈរបស់ប្រជាជនវិបុលភាព តាមរយៈការបង្កើនការយល់ដឹង អំពីផលិតផលកសិកម្មកម្ពុជា និងពង្រីកការផ្លាស់ប្តូរគ្នាទៅវិញទៅមក ដោយការណែនាំផលិតផលកសិកម្ម ពីប្រទេសកម្ពុជាទៅកាន់ប្រទេសកូរ៉េ។ក្នុងកម្មវិធីនេះ ក្រុមហ៊ុនកូរ៉េចំនួន១៥ បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីផ្សព្វផ្សាយផលិតផលកសិកម្ម របស់ប្រទេសកូរ៉េ។
ផលិតផលកសិកម្មកម្ពុជា ក៏ត្រូវបានបង្ហាញនៅកន្លែងដាច់ដោយឡែកពីគ្នា ដើម្បីលើកកម្ពស់អត្ថប្រយោជន៍ទៅវិញទៅមក នៃកិច្ចសហប្រតិបត្តិការនេះ។ ក្រុមហ៊ុនចំនួន០២ ក្នុងចំណោមក្រុមហ៊ុនទាំង១៥ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា។
ជាមួយគ្នានោះដែរ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កម្ពុជា-កូរ៉េ បានទំនាក់ទំនងការទូត ដែលមានដំណើរការតាំងពីឆ្នាំ១៩៦០ ហើយប្រទេសទាំងពីរ បានធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយជាមួយគ្នា ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា គឺនៅតែបន្តការលើកស្ទួយវិស័យកសិកម្មជាវិស័យអាទិភាព ដែលមានតួនាទីស្នូលក្នុងការធានាសន្តិសុខស្បៀងអាហារ និងវត្ថុធាតុដើមសម្រាប់ផលិត និងកែច្នៃមានការកើនឡើងជាលំដាប់។
ជាក់ស្តែងកសិផលសរុបសម្រាប់នាំចេញ ក៏មានការកើនឡើងពី ៣,៦៦លានតោន ក្នុងឆ្នាំ២០១៣ ដល់៥,១៤លានតោន ក្នុងឆ្នាំ២០១៧ (មានស្រូវ ស្វាយចន្ទី ដំឡូងមី ស្វាយ ចេក បន្លែ) ហើយតម្លៃបន្ថែម នៃវិស័យកសិកម្មមានកំណើន កើនដល់២៩ពាន់លានរៀល។
រដ្ឋមន្រ្តី បញ្ជាក់ទៀតថា ដើម្បីសម្រេចគោលដៅនេះ ក្រសួងត្រូវបន្តកិច្ចសហប្រតិបត្តិការឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា តាមនីតិវិធីជាធរមានជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី វិស័យឯកជន តាមអភិក្រម រដ្ឋឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍។ ដូច្នេះវត្តមានរបស់អ្នកវិនិយោគិនទាំងអស់នាពេលនេះ គឺជាចលករមួយដ៏សំខាន់ ដើម្បីសម្រេចនូវគោលបំណងទាំងអស់គ្នា ប្រកបដោយក្តីសង្ឃឹម៕