(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមកីឡាករប្រណាំងទូក ង ឈ្មោះ គឿន ស តេជោសែនជ័យបារមីព្រែកដូង ចំនួន៨៨នាក់ នៅវត្តសិរីដីដុះ(ហៅវត្តព្រែកដូង) ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានផ្ដល់ការណែនាំដល់ក្រុមកីឡាករអុំទូកងឈ្មោះ គឿន ស តេជោសែនជ័យ បារមីព្រែកដូង ត្រូវពង្រឹងឲ្យបាននូវសាមគ្គីភាព មិត្តភាពជាមួយកីឡាករក្នុងក្រុម និងកីឡាករទាំងអស់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអ៊ុបុក សំពះព្រះខែ ដែលប្រព្រឹត្តទៅនាពេលខាងមុខនេះ ដើម្បីញ៉ាំងបរិយាកាសនៃព្រះរាជពិធីបុណ្យនេះ ឲ្យកាន់តែមានភាពល្បីល្បាញឡើង។
លោកបានបន្តថា ទឹកចិត្តជាអ្នកកីឡាការឈ្នះឬចាញ់ជារឿងធម្មតាតែការតាំងចិត្តដើម្បីឈ្នះគឺជាឆន្ទៈសំខាន់សម្រាប់កីឡាករគ្រប់រូប។ ដូច្នេះ កីឡាករទូកង ឈ្មោះ គឿន ស តេជោសែនជ័យបារមីព្រែកដូងទាំងអស់ ត្រូវត្រៀមលក្ខណៈប្រកួតក្នុងស្មារតីម៉ឹងម៉ាត់ដើម្បីទទួលបានជ័យជម្នះត្រឡបមកវិញ។ ជាពិសេសកីឡាករទាំងអស់ ត្រូវនាំគ្នាហ្វឹកហាត់ឱ្យបានទៀងទាត់ ថែទាំ សុខភាព ទាំងការហូបចុក និងសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បី ត្រៀមលក្ខណៈប្រកួ ប្រជែងនាឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអ៊ុបុក សំពះព្រះខែដែលនឹងចូលមក ដល់នាពេលខាងមុខឆាប់ៗ។
លោកបានកត់សម្គាល់ឃើញថា ប្រជាជនគ្រប់រូបកំពង់សប្បាយរីករាយ និងមានមោទនះភាពចំពោះការ ដឹកនាំដើរលើផ្លូវដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានកសាង សមិទ្ធិផលជាច្រើនសំរាប់បំរើផលប្រយោជន៍ដល់សង្គមជាតិនិងប្រជាជន បានជម្រុញឲ្យមាន អ្នកវិនិយោគិនបរទេសនិង អ្នកទេសចរណ៏ អន្តរជាតិ មកវិនិយោគនិងទស្សនាកម្ពុជាកើនឡើងជាលំដាប់ដែលធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើច្រើន ជាពិសេស សមិទ្ធផល សន្តិភាពវាជាអំណោយផល ដែលអាចអោយ យើងមាន ឱកាសកសាង សមិទ្ធិផលជាច្រើននៅ ទូទាំងប្រទេសដើម្បីទុក អោយប្រជាពលរដ្ឋនិង កូនចៅប្រជាពលរដ្ឋជំនាន់ក្រោយៗទៀត ព្រោះចំនួនប្រជាជនកាន់តែកើនឡើងតម្រូវការកាន់តែមានច្រើន។
រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុង ខិតខំកសាងស្តារហេដ្ឋារចនា សម្ពន្ធ័ផ្លូវ ថ្នល់លំជនបទស្ពាន អាកាស ស្ពានឆ្លងកាត់ទន្លេ ភ្ជាប់ សរសៃឈាមសេដ្ឋកិច្ច ដើម្បីកំណើនសេដ្ឋកិច្ចសម្រួលការធ្វើដំណើរ ដោះស្រាយ បញ្ហាចរាចរនិង លើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត ។
លោក ម៉ម ប៊ុននាង បានសង្កត់ធ្ងន់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំពង្រឹងសាមគ្គីភាពជាតិទាំងមូល គោរពរដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាការគោរពសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម។ ការពារឯករាជ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងសន្តិសុខរបស់ជាតិឱ្យរឹងមាំ ស្ថិតស្ថេរគង់វង្ស អភិវឌ្ឍសេដ្ឋកិច្ចឱ្យសម្រេចបានកំណើនក្នុងរង្វង់៧%ក្នុង១ឆ្នាំ ប្រកបដោយចីរភាព បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចដោយសមធម៌ និងកាត់បន្ថយអត្រាភាពក្រីក្រឱ្យបានជាង១%ក្នុង១ឆ្នាំ ផ្តល់សេវាសាធារណៈនៅគ្រប់ថ្នាក់ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងងាយស្រួលរក្សាសុវត្ថិភាពឃុំ សង្កាត់ឱ្យបានល្អ និងរឹងមាំ។
នៅក្នុងឱកាសនោះ ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានឧបត្ថម្ភអាវយឺត មួក និងថវិកាសរុបចំនួន ១២,១៧២,០០០រៀល សម្រាប់ប្រើប្រាស់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអ៊ុបុក សំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២១,២២,២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរឯកឧត្តម បានអញ្ជើញចូលរួមក្នុងពិធីក្រុងពារលី ដើម្បីសុំសេចក្តីសុខ និងប្រោសព្រំទូក ង និងក្រុមកីឡាករ ឱ្យទទួលបានជ័យជម្នះក្នុងការប្រកួត។
បន្ទាប់ពីជួបសំណេះសំណាលជាមួយក្រុមកីឡាករទូងរួចមក នារសៀលថ្ងៃដដែល លោក ម៉ម ប៊ុននាង បានអញ្ជើញចុះត្រួតពិនិត្យផ្លូវមួយខ្សែ ដើម្បីធ្វើការជួសជុល ដែលមានបណ្តោយ ១៥០៥ម៉ែត្រ ទទឹង៤ម៉ែត្រ ក្រាលថ្មមិច កំរាស់ ១តឹក ឆ្លងកាត់ភូមិចំនួន០៣គឺភូមិកំពង់ស្វាយ២ ភូមិព្រែកតានប់ និងភូមិព្រែកតានប់២ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងឱកាសនោះ លោកបានផ្តល់ថវិកាដល់ក្រុមបច្ចេកទេស ក្នុងដំណាក់កាលទី១ចំនួន ២,០០០ដុល្លារ ដើម្បីដំណើរការជួសជុល និងកសាងផ្លូវ៕