(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានកិច្ចប្រជុំជាមួយក្រុមហ៊ុន និងអាជីវករលក់រថយន្ត ដើម្បីបំភ្លឺពីគោលនយាបាយ របស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងការនាំចូលរថយន្តប្រើរួចមកលក់ចែកចាយនៅទីផ្សារកម្ពុជា និងគោលនយោបាលលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគ Daehan Auto (Cambodia) Co., Ltd. នៅកម្ពុជា។
លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងថា យានយន្តនាំចូលជាប្រភពចំណូលយ៉ាងសំខាន់ សម្រាប់ថវិកាជាតិ។ បច្ចុប្បន្នរាជរដ្ឋាភិបាលអនុញ្ញាតឲ្យនាំចូលទាំងរថយន្តថ្មី និងរថយន្តប្រើរួច។ ក៏ប៉ុន្តែក្នុងរយៈពេល២-៣ឆ្នាំចុងក្រោយនេះសង្កេតឃើញថា ការនាំចូលរថយន្តថ្មី មានកំណើនគួរឲ្យកត់សំគាល់។ ប្រការនេះអាចបណ្ដាលមកពីការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តថ្មី ជាពិសេសកត្តាសុវត្ថិភាព និងម្យ៉ាងទៀតថ្លៃលក់ រថយន្តថ្មីក៏មានលក្ខណៈសមរម្យ ដោយសារអត្រាពន្ធគយនាំចូលរថយន្តមកពីប្រទេសជាសមាជិកអាស៊ាន និងដៃគូពាណិជ្ជកម្មសេរីអាស៊ានត្រូវបានទម្លាក់មក០%។
ឆ្លើយតបនឹងសំណួរពាក់ព័ន្ធ នឹងការផ្ដល់ការលើកទឹកចិត្តដល់ក្រុមហ៊ុន Daehan Auto (Cambodia) Co., Ltd. ក្នុងការកែឆ្នៃរថយន្តប្រើរួច លោកបានជំរាបថា គោលការណ៍ លើកទឹកចិត្តដែលបានផ្ដល់ឲ្យនោះ បានសម្រេចដោយឈរលើមូលដ្ឋានវិភាគថ្លឹងថ្លែងដោយប្រុងប្រយ័ត្ន ទាំងទិដ្ឋភាពរក្សាចំណូលរដ្ឋផង និងទាំងទិដ្ឋភាពរក្សាតុល្យភាពទីផ្សាររថយន្តប្រើរួច នៅកម្ពុជាផង ហើយលោកបានបញ្ជាក់ថា ការផ្ដល់ការលើកទឹកចិត្តមានលក្ខណៈអន្តរកាលប៉ុណ្ណោះ និងភ្ជាប់ដោយលក្ខខណ្ឌមួយចំនួន ជាពិសេសលើសុវត្ថិភាពរបស់អ្នកប្រើប្រាស់។
ប្រពាក់ព័ន្ធនឹងការលើកឡើងថា ក្រុមហ៊ុន Daehan Auto (Cambodia) Co., Ltd. មិនបានអនុវត្តតាមគោលការណ៍ដែលបានកំណត់លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា នឹងបង្កើតក្រុមការងារមួយដើម្បីចុះស្រាវជ្រាវករណីនេះ ដើម្បីផ្ទៀងផ្ទាត់អនុលោមភាពរបស់ក្រុមហ៊ុននេះ។ ប្រសិនបើរកឃើញថា ពិតជាមានករណីមិនអនុវត្តតាមលក្ខខណ្ឌ និងគោលការណ៍មែននោះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងចាត់វិធានការ តាមបទប្បញ្ញត្តិជាធរមាន៕
\ ]