(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅដល់ប្រទេសសិង្ហបុរី នៅម៉ោង១០៖៥៥នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះ។
ការអញ្ជើញដល់របស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពី លោក ម៉ូហាម៉េត ម៉ាលីគី ប៊ីនអូស្មាន (Mohammed Maliki Bin Osman) ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការពារ និងកិច្ចការបរទេសរបស់សិង្ហបុរី លោក ងួន សុខវេង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំសិង្ហបុរី ព្រមទាំងវត្តមានឥស្សរជន ជាន់ខ្ពស់រដ្ឋាភិបាលសិង្ហបុរី និងឥស្សរជនការទូតរបស់កម្ពុជា ប្រចាំប្រទេសសិង្ហបុរីជាច្រើនរូប។ នៅប្រទេសសិង្ហបុរីលើកនេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ស្នាក់នៅសណ្ឋាគារម៉ាន់ដារីន អូឆាដ។
នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នោះ សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំប្រទេសសមាជិកអាស៊ានផ្សេងទៀត បានចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ក្រោមប្រធានបទ «ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន» ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិសាន់តិច សាធារណរដ្ឋសិង្ហបុរី។ បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសអាស៊ាន បានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពី លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣។ នៅក្នុងពិធីបើកកិច្ច ប្រជុំកំពូលអាស៊ានលើកទី៣៣ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានយាង និងអញ្ជើញគោរពចម្រៀង និងភ្លេងជាតិអាស៊ាន ពិសេសបានស្តាប់នូវចម្រៀងរបស់សិល្បៈមហាជនសិង្ហបុរី ដែលទាក់ទិនទៅនឹងសកម្មភាព និងថ្ងៃរីករាយរបស់អាស៊ានផងដែរ។
ដោយឡែកនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន រួមទាំងបណ្តាមេដឹកនាំអាស៊ានផ្សេងទៀត បានបន្តចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១។ នៅចំពោះមុខមេដឹកនាំអាស៊ាន និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង ក្នុងកិច្ចប្រជុំនោះ, សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា ប្រទេសចិនគឺជាដៃគូយុទ្ធសាស្ត្រមិនអាចខ្វះបាន សម្រាប់អាស៊ាន ហើយសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-ចិន នឹងកាន់តែជ្រាលជ្រៅក្នុងស្មារតីតម្កល់ផលប្រយោជន៍រួម។
បន្ទាប់ពីនោះសម្តេចតេជោ ហ៊ុន សែន បានចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២០។ សម្តេចបានថ្លែងស្វាគមន៍ចំពោះជំនួបកំពូលអន្តរកូរ៉េ និងជំនួបកំពូលសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ដែលជាជំហានដ៏សំខាន់មួយឆ្ពោះ ទៅរកការកសាងសន្តិភាពអចិន្រៃ្តយ៍ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ការលុបបំបាត់អាវុធនុយក្លែអ៊ែរដោយសន្តិវិធី និងវិបុលភាពរួមនៅឧបទ្វីកូរ៉េ។ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន-សាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន បានធ្វើបទអន្តរាគមន៍ និងទស្សនវិស័យអំពីទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ លើចំណុចសំខាន់ៗចំនួន៣ ក្នុងនោះ៖
* ទី១៖ កម្ពុជាសូមស្វាគមន៍នូវសំណើរៀបចំកិច្ចប្រជុំ រំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ។ កម្ពុជាក៏បានកត់សំគាល់ដោយក្តីរីករាយ នូវបំណងតម្លើងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ ទៅជាកិច្ចប្រជុំកំពូល ហើយរៀបចំកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១ ស្របពេលជាមួយកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ។ កម្ពុជានឹងបន្តធ្វើការយ៉ាជិតស្និទ្ធជាមួយ បណ្តាប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដើម្បីឱ្យកិច្ចប្រជុំកំពូល សម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា សំដៅជំរុញកិច្ចសហប្រតិបត្តិការរបស់យើងថែមទៀត។
* ទី២៖ កម្ពុជាស្វាគមន៍នូវគោលនយោបាយទិសខាងត្បូងថ្មី របស់សាធារណរដ្ឋកូរ៉េ ដែលមានបំណងលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ និងបង្កើតសហគមន៍មួយ ដែលឈរលើសសរស្តម្ភបី គឺប្រជាជន វិបុលភាព និងសន្តិភាព។ កម្ពុជាក៏សង្ឃឹមផងដែរថា គោលនយោបាយនេះ នឹងបំពេញបន្ថែមឱ្យគោលនយោបាយផ្សេងៗទៀត នៅក្នុងតំបន់ និងបម្រើផលប្រយោជន៍ដល់ចំណងមិត្តភាព តំបន់យើងទាំងពីរ ក៏ដូចជាប្រជាជនជារួម។
*ទី៣៖ កម្ពុជាសូមស្វាគមន៍នូវជំនួបកំពូលអន្តរកូរ៉េ និងជំនួបកំពូលសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះ ទៅរកការកសាងសន្តិភាពអចិន្រៃ្តយ៍ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ការលុបបំបាត់អាវុធនុយក្លែអ៊ែរដោយសន្តិវិធី និងវិបុលភាពរួមនៅឧបទ្វីកូរ៉េ។
ដោយឡែកក្នុងពិធីពិសារអាហារការងារថ្ងៃត្រង់ ក្រោមប្រធានបទ «ពាណិជ្ជកម្មសេរី និងសេដ្ឋកិច្ចសកលលោក» នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី មេដឹកនាំប្រទេសសមាជិកអាស៊ានទាំង១០ បានបង្ហាញក្តីព្រួយបារម្ភរបស់ខ្លួនចំពោះ ការកើនឡើង នៃនិន្នាការគាំពារនិយមសកម្មភាពពាណិជ្ជកម្មឯកតោភាគី និងសង្រ្គាមពាណិជ្ជកម្ម របស់ប្រទេសមហាអំណាច មួយចំនួន។ មេដឹកនាំអាស៊ានបានលើកឡើងថា សកម្មភាពទាំងនេះ បាននិងកំពុងតែដាក់សម្ពាធ និងគំរាមកំហែងដល់ស្ថិរភាពកំណើនសេដ្ឋកិច្ច និងវិបុលភាពនៃតំបន់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍តែម្តង។
កង្វល់របស់មេដឹកនាំអាស៊ាន បានស្តែងឡើងពិធីពិសារអាហារការងារថ្ងៃត្រង់ ក្រោមប្រធានបទ «ពាណិជ្ជកម្មសេរី និងសេដ្ឋកិច្ចសកលលោក» ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី ទីដែលមេដឹកនាំអាស៊ានកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនផ្សេងទៀត។ ក្រៅពីមេដឹកនាំអាស៊ានទាំង១០ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ចាសស្ទីន ទ្រូដូ នាយករដ្ឋមន្រ្តីកាណាដា លោក សេបាសស្ទៀន ពីណេរ៉ា (Seba-Stian Pinera) ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី និងស្រី គ្រីស្ទីន ឡាហាដ (Christine Lagarde) នាយកគ្រប់គ្រងមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF)។
ជាមួយគ្នានេះ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៉ីលើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រទាំងស្រុងចំពោះសំណើរបស់ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌឺមៀ ពូទីន ក្នុងការដំឡើងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៉ី ឱ្យទៅជាដៃគូសន្ទនាយុទ្ធសាស្ត្រ។ ថ្លែងបទអន្តរាគមន៍ទៅកាន់បណ្តាមេដឹកនាំអាស៊ាន-រុស្សី សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៉ី។ ជាពិសេសបន្ទាប់ពីការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្សី កាលពីឆ្នាំ២០១៦ នៅទីក្រុសូឈី សហព័ន្ធរុស្ស៉ី។ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញភាគីទាំងពីរខិតខំបន្ថែមទៀត ដើម្បីសម្រេចបានតាមផែនការសកម្មភាពគ្រប់ជ្រុងជ្រោយអាស៊ាន-រុស្សី ឆ្នាំ២០១៦-២០២០ ដើម្បីបង្កើនល្បឿន និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ សម្តេចជំរុញរៀបចំឱ្យមាននូវកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំអាស៊ាន និងរុស្ស៉ី ឱ្យបានទៀងទាត់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្សី ឱ្យកាន់តែស៊ីជម្រៅ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការជួយកសាងសហគមន៍អាស៊ាន និងការធ្វើសមាហរណកម្មអាស៊ានតាមរយៈមូលនិធិជប៉ុន។ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានទាំងអស់ បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានឃើញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន មានវឌ្ឍនភាពគួរឱ្យកត់សំគាល់ ក្នុងរយះពេល៤៥ ឆ្នាំកន្លងមក។ ក្នុងស្មារតីនេះមេដឹកនាំអាស៊ានទាំងអស់ បានស្វាគមន៍និងគាំទ្រចំពោះការចេញផ្សាយសេចក្តីប្រកាសរួម ស្តីពីកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។
ដោយឡែកនៅពេលរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសេដ្ឋកិច្ច តំបន់ទូលំទូលាយលើកទី២។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្របង្កើតឱ្យមានកិច្ចព្រមព្រៀងនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ។ ប៉ុន្តែកិច្ចព្រមព្រៀងនោះ ត្រូវតែជាកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើបគ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ឱ្យគ្រប់សមាជិកទាំងអស់។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ថ្វីដ្បិតកម្ពុជាជាប្រទេសអភិវឌ្ឍតិចតួច កម្ពុជាសូមជំរុញឱ្យក្រុមអ្នចរចាខិតខំពុះពារ នូវឧបសគ្គតាមវិស័យនីមួយៗឱ្យបញ្ចប់ការចរចាតាមអាណត្តិ ដែលផ្តល់ដោយថ្នាក់ដឹកនាំនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ទោះជាកម្ពុជាត្រូវធ្វើការកែទម្រង់លិខិតបទដ្ឋានមួយចំនួន និងត្រូវផ្តល់នូវការសម្របសម្រួលជាច្រើន ជាមួយបណ្តាប្រទេសដៃគូដ៏ទៃទៀតក៏ដោយ។
បន្ទាប់ពីកិច្ចប្រជុំពាក់ព័ន្ធដ៏មមាញឹកជាច្រើន នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន រួមទាំងមេដឹកនាំអាស៊ានផ្សេងទៀត បានចូលរួមពិធីលៀងសាយភោជន៍ដែលរៀបចំដោយ លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី និងលោកភរិយា។
កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ទា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងប្រទេសសិង្ហបុរី សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការពង្រឹងចំណងមិត្តភាពជាមួយអាស៊ាន តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលនានា សម្រាប់យុវជន និងនិស្សិតអាស៊ាន។ សម្តេចតេជោ ក៏បានថ្លែងស្វាគមន៍ក្នុងការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំទេសចរណ៍អាស៊ាន-ឥណ្ទា និងសង្ឃឹមថា នឹងមានសកម្មភាព និងគម្រោងនានា ដើម្បីពង្រឹងនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏ដូចជាលំហូរទេសចរនៃតំបន់យើងទាំងពីរ។
មេដឹកនាំអាស៊ាន និងឥណ្ឌា បានសម្តែងនូវការមិនពេញចិត្តលើវិស័យសេដ្ឋកិច្ច នៃតំបន់ទាំងពីរអាស៊ាន-ឥណ្ទា ដែលទើបសម្រេចបាននូវទំហំពាណិជ្ជកម្មត្រឹម តែ ៧៣,៥ប៊ីលានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៧ ពោលគឺតិចជាងពាក់កណ្តាលនៃគោលដៅ ពាណិជ្ជកម្មដែលអាស៊ាននិងឥណ្ឌា បានកំណត់ថា នឹងសម្រេចឱ្យបានចំនួន ២០០ប៊ីលានលានដុល្លាអាមេរិក នៅត្រឹមឆ្នាំ២០២០។ មេដឹកនាំអាស៊ាន-ឥណ្ឌា បានសន្យារួមគ្នាថា យើងត្រូវខិតខំ រួមគ្នាបន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឱ្យកាន់តែច្រើននិងទូលំទូលាយ តាមរយះការពង្រឹងនិងពង្រីកសកម្មភាពធុរកិច្ច ការវិនិយោគនិងពាណិជ្ជកម្ម ក្នុងវិស័យដែលមាន សក្តានុពល ដូចជា កសិ-ឧស្សាហកម្ម ទេសចរណ៍ ផលិតផលឱសថ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជាដើម។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៦ ក្រោមប្រធានបទ «ការពនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ានអាមេរិក និងទិសដៅអនាគត» នៅថ្ងៃដដែលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ លោក ម៉ៃឃើល ភែនស៍ ( Michael Pence) អនុប្រធានាធិបតីអាមេរិក ដោយបង្ហាញពីការចង់ឃើញអាមេរិក បង្កើនទំហំពាណិជ្ជកម្មអាស៊ាន-អាមេរិក ឱ្យកាន់តែធំថែមទៀត ខណៈអាមេរិកកំពុងបន្តឈរជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតលើពិភពលោក។
ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-សហរដ្ឋអាមេរិគ (Trade and Investment Framework Arrangement-TIFA)និងគំនិតផ្តួចផ្តើមផែនការ នៃការពង្រីកការចូលរួម ក្នុងផ្នែកសេដ្ឋកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក (Expanded Economic Engagement (E3) Initiatives Work Plan)។ ក្រៅពីការចង់ឃើញអាមេរិកបង្កើនទំហំពាណិជ្ជកម្មជាមួយអាស៊ានហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរ កិច្ចសហប្រតិបត្តិការរវាងអាមេរិក និងអាស៊ាន នៅមានសក្ដានុពលជាច្រើនទៀត ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្ម វិស័យទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មានជាដើម ដែលអនុញ្ញាតិឱ្យអាស៊ាន និងអាមេរិក ចាប់យក ដើម្បីឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងអនុប្រធានាធិបតីសហរដ្ឋអាមេរិក បានឯកភាពគ្នាឈានទៅចេញសេចក្តីប្រកាស របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក លើកទី៦។ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខអ៊ីនធើណែត និងកិច្ចព្រម ព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-សហរដ្ឋអាមេរិក ឆ្នាំ២០១៨-២០១៩។
ក្រៅពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៦ នៅថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី ជាមួយសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េលើកទី២១។ កិច្ចប្រជុំដែលធ្វើឡើងក្រោមប្រធានបទ «ការពិនិត្យឡើងវិញ និងទិសដៅអនាសគត នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី» ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងប្រទេសបូកបី ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ទៅលើរបៀបវារៈ ដែលបានគ្រោងទុក ពិសេសបានសម្តែងនូវវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី។ មេដឹកនាំទាំងអស់បានចាត់ទុកថា ក្នុងពេលពីរទសវត្សរ៍កន្លងមក កិច្ចសហប្រតិបត្តិការរបស់យើងមានសន្ទុះកាន់តែខ្លាំង មានលក្ខណៈកាន់តែទូលំទូលាយជាងមុន និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ សន្ដិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់អាស៊ីបូព៌ា។
ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន ដែលកំពុងប្រឈមនៅក្នុងតំបន់ និងលើពិភពលោក។ ដូចគ្នាទៅនឹងបណ្តាមេដឹកនាំនៃប្រទេសអាស៊ីបូព៌ាដែរនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានចូលរួមចែករំលែកនូវទស្សនៈមួយចំនួនទាក់ទងនឹងការពិនិត្យឡើងវិញ ក៏ដូចជាទិសដៅនៃកិច្ចសហប្រតិបត្តិការ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងបរិបទនៃភាពមិនប្រាដប្រជាខ្ពស់ ក្នុងតំបន់ និងសកលលោក។
ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើន ដែលបានធ្វើឡើងចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបិទបញ្ចប់នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាមួយការវាយតម្លៃខ្ពស់ពីលោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី និងជាប្រធានអាស៊ាន។ លោក លី ស៊ានឡុង បានវាយតម្លៃខ្ពស់ ចំពោះបណ្តាមេដឹកនាំអាស៊ានទាំងអស់ ដែលរយៈពេលពេញមួយឆ្នាំកន្លងមក បានធ្វើកិច្ចការជាច្រើនក្នុងការបម្រើផលប្រយោជន៍សម្រាប់ប្រជាជាតិក្នុងតំបន់ ពិសេសរួមគ្នានោះស្រាយនូវរាល់បញ្ហាប្រឈមនានា ក្នុងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្ទៃក្នុង ជាមួយបណ្តាប្រទេសក្រៅតំបន់ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់បំផុត។ លោកនាយករដ្ឋមន្រ្តីសិង្ហបុរី ក៏បានវាយតម្លៃខ្ពស់ ដែលសិង្ហបុរីបានខិតខំជម្នះដោះស្រាយនូវបញ្ហាប្រឈមនានា ក្នុងការឈានទៅសំរេចនូវលទ្ធផលដ៏ត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២-៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បញ្ចប់ទៅប្រកបដោយ លទ្ធផលដ៏ត្រចះត្រចង់បំផុត។
បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនពោរពេញដោយភាពមមាញឹករយៈពេល ៣ថ្ងៃកន្លងទៅនោះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកដល់កម្ពុជាវិញ នៅវេលាម៉ោងប្រមាណ ១១ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ៕