(តាកែវ)៖ ស្របតាមទិសស្លោក «អំណានជាកំណប់វិជ្ជាមហាសាល» និងបន្តចូលរួមជំរុញទម្លាប់នៃការអានរបស់សិស្សានុសិស្ស និងលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា អគារបណ្ណាល័យដ៏ថ្មីស្រឡាងពណ៌បៃតងមួយខ្នង ដែលសាងសង់ និងឧបត្ថម្ភគាំទ្រថវិកាដោយមូលនិធិប្រាសាក់ និងសហការអនុវត្តគម្រោង ដោយនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។
អគារបណ្ណាល័យដ៏ថ្មីស្រឡាងនេះ ស្ថិតនៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យអណ្ដូងសំរិត ក្នុងភូមិអណ្ដូងសំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ឈិត សុខុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី, លោក ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក លី សាវ៉េត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ និងលោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ អាជ្ញាធរដែនដី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរយនាក់ ក្នុងសហគមន៍។
លោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានថ្លែងឱ្យដឹងថា អគារបណ្ណាល័យនៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ អណ្ដូងសំរិត នេះ មានទំហំ៩ម៉ែត្រ គុណនឹង១២ម៉ែត្រ សង់ពីថ្ម មានដំបូលប្រក់ក្បឿង ដោយប្រើប្រាស់ថវិកាឧបត្ថម្ភទាំងស្រុងពីមូលនិធិប្រាសាក់។ ប្រាសាក់មិនត្រឹមតែផ្ដល់តួអគារបណ្ណាល័យប៉ុណ្ណោះទេ គឺថែមទាំងឧបត្ថម្ភការបំពាក់ធនធានសម្ភារ ឯកសារ និងការបណ្ដុះបណ្ដាលបណ្ណារក្ស ដើម្បីឱ្យបណ្ណាល័យនេះដំណើរការបានដោយរលូន និងមាននិរន្តន៍ភាព។
លោក អ៊ុំ សមអឿន បានបន្តទៀតថា បណ្ណាល័យនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ អណ្ដូងសំរិត នេះ ជាបណ្ណាល័យទី២៥ ហើយដែលប្រាសាក់ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីទុកជាចំណងដៃជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស និងសហគមន៍។ ដោយឡែក ចំពោះខេត្តតាកែវ នេះគឺជាបណ្ណាល័យទី៤ហើយ ដែលខេត្តនេះបានទទួលពីប្រាសាក់ ដោយបណ្ណាល័យ៣ទៀត គឺស្ថិតនៅ សាលាបឋមសិក្សានិងអនុវិទ្យាល័យព្រៃធំ សាលាបឋមសិក្សាព្រៃល្វា និងសាលាបឋមសិក្សានិងអនុវិទ្យាល័យព្រៃយុថ្កា។
គិតត្រឹមឆ្នាំ២០១៨ ប្រាសាក់បានកសាងអគារបណ្ណាល័យសរុបរហូតដល់៣០ខ្នង នៅក្នុងខេត្តចំនួន៩ រួមមាន តាកែវ កំពង់ស្ពឺ កំពង់ចាម កណ្តាល ព្រៃវែង កំពង់ធំ សៀមរាប ព្រះវិហារ និងខេត្តបាត់ដំបង ដែលមានសិស្សានុសិស្សចំនួនជាង ៧៧,០០០នាក់ មកពី៣៤៣ភូមិ។
លោកបន្តទៀតថា «អគារបណ្ណាល័យនេះ ជានិមិត្តរូបមួយដែលមិនចេះរីងស្ងួត និងមិនចេះសាបសូន្យនៃទំនាក់ទំនង និងការយកចិត្តទុកដាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ចំពោះអតិថិជនក្នុងសហគមន៍ ហើយបណ្ណាល័យនេះក៏ជាកេរមរតករបស់ប្រាសាក់ សម្រាប់ទុកជូនសិស្សានុសិស្ស ដែលជាកូនចៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត»។
ថ្លែងក្នុងឱកាសនេះ លោក ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះប្រាសាក់ ដែលបានផ្ដល់មូលនិធិកសាងបណ្ណាល័យនេះ និងផ្ដល់ការសហការយ៉ាងល្អជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់វប្បធម៌នៃការអាននៅកម្ពុជា។
លោកបានសំណូមពរឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស ជួយថែរក្សានិងប្រើប្រាស់បណ្ណាល័យនេះឱ្យអស់ពីលទ្ធភាព ដោយជំរុញឱ្យមានការអានឱ្យបានច្រើនផុសផុល ស្រលាញ់ និងថែរក្សាសៀវភៅទាំងអស់កុំឱ្យមានការបាត់បង់។
ដោយឡែក លោក លី សាវ៉េត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ ដែលបានផ្ដល់អគារបណ្ណាល័យរហូតដល់៤ សម្រាប់ទឹកដីខេត្តតាកែវ។ នេះជាការចូលរួមយ៉ាងធំធេងរបស់ប្រាសាក់ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំនៅក្នុងខេត្តតាកែវ។
លោកក៏បានផ្ដាំផ្ញើឱ្យសិស្សានុសិស្ស នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ អណ្ដូងសំរិត ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងចាប់យកទម្លាប់ នៃការអានសៀវភៅតាមរយៈបណ្ណាល័យនេះ ដើម្បីបានលទ្ធផលល្អក្នុងការសិក្សា និងក្លាយជាសិស្សពូកែទាំងអស់គ្នា។
លោក ឈិត សុខុន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានសម្ដែងនូវក្ដីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ ដែលបានផ្ដល់មូលនិធិកសាងបណ្ណាល័យនេះ និងបានអរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគាំទ្រឱ្យគម្រោងនេះលេចជារូបរាងឡើង។
លោកបន្តថា ការផ្ដល់ជាអគារបណ្ណាល័យរបស់ប្រាសាក់នៅពេលនេះ សមស្របតាមគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យអប់រំ ជំរុញការអាន បណ្ដុះបណ្ដាលធនធានមនុស្ស ៕