(ភ្នំពេញ)៖ បន្ទាប់ពីឆ្លើយតបតាមការអញ្ជើញ របស់វិទ្យាស្ថានអប់រំបច្ចេកទេស នៃប្រទេសសិង្ហបុរី លោក ប៊ូ ឈុន ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានដឹកនាំគណៈប្រតិភូនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបសរុប ១០រូប ទៅទស្សនកិច្ចសិក្សានៅវិទ្យាស្ថានអប់រំបច្ចេកទេស ប្រទេសសិង្ហបុរី និងត្រលប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
លោក ប៊ូ ឈុន ប្រធានគណៈប្រតិភូឲ្យដឹងថា និស្សិតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ និងផ្នែកគ្រប់គ្រងសណ្ឋាគារ-ទេសចរណ៍០៨រូប រួមជាមួយសាស្រ្តាចារ្យវិទ្យាសាសាស្រ្តកុំព្យូទ័រចំនួន០២រូបទៀត ត្រូវបានជ្រើសរើសឲ្យទៅទស្សនកិច្ច សិក្សានៅប្រទេសសិង្ហបុរី រយៈពេល០១សប្តាហ៍ ចាប់ពីថ្ងៃទី១០-១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកបន្តថា «រយៈពេលពេញ០១សប្តាហ៍នេះ ប្រតិភូនិស្សិតទទួលបាននូវចំណេះដឹងជាច្រើនអំពីប្រព័ន្ធអប់រំ របស់ប្រទេសសិង្ហបុរី កម្មវិធីសិក្សាគ្រប់កម្រិត និងការផ្លាស់ប្តូរបទពិសោធន៍លើផ្នែក Internet of Thing (IoT), Cybersecurity, Computer Design, Mobile Application, VoIP, Cloud Computing អគ្គិសនី-អេឡិចត្រូនិក, ផលិតកម្មភាពយន្ត, កាត់តវីដេអូ, គ្រប់គ្រងបន្ទប់ពិសោធន៍, គ្រប់គ្រងបណ្តាញកុំព្យូទ័រ, គ្រប់គ្រងសណ្ឋាគារ, គ្រប់គ្រងភោជនីយដ្ឋាន, ជំនាញធ្វើម្ហូបអាហារ, បដិសណ្ឋារកិច្ច, និងផ្នែកជាច្រើនទៀត»។
លោកបញ្ជាក់ថា ក្រៅពីទស្សនកិច្ចសិក្សា ក្នុងវិទ្យាស្ថានអប់រំបច្ចេកទេស ប្រតិភូនិស្សិតរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏ត្រូវបានក្រុមហ៊ុនជាច្រើនអញ្ជើញទៅទស្សនកិច្ចសិក្សា និងធ្វើការបណ្តុះបណ្តាលពីបច្ចេកទេស ដូចជាក្រុមហ៊ុន Cisco, ITE College Central ដែលសុទ្ធសឹងជាក្រុមហ៊ុន និងស្ថាបនអប់រំល្បីៗដែលមានសាខានៅប្រទេសសិង្ហបុរី មិនតែប៉ុណ្ណោះ គណៈប្រតិភូ ក៏បានអញ្ជើញឲ្យទៅទស្សនកិច្ចតំបន់ទេសចរណ៍សំខាន់ៗ នៃប្រទេសសិង្ហបុរីជាច្រើនកន្លែងថែមទៀតផងដែរ។
លោក ជុំ ពៅ និស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងបញ្ជាក់ពីលទ្ធផល ដែលទទួលបានពីទស្សនកិច្ចសិក្សានេះថា «វាពិតជាទុនមួយសំខាន់សម្រាប់ការសិក្សា ការដែលមានឱកាសឃើញនូវ ការអភិវឌ្ឍរបស់ប្រទេសសិង្ហបុរី នាំឲ្យយើងមានទឹកចិត្តខិតខំសិក្សាបន្ថែមទៀត ដើម្បីក្លាយជាធនធានមនុស្សដ៏ពិតប្រាកដ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ហើយបទពិសោធន៍ និងចំណេះដឹងទាំងអស់ ដែលទទួលបានពីទស្សនកិច្ចសិក្សានេះ នឹងយកទៅចែករំលែកដល់និស្សិតផ្សេងៗទៀត»។
លោកក៏បានផ្តាំផ្ញើថា ចំពោះនិស្សិតទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការសិក្សាបន្ថែមទៀតទាំងមុខវិជ្ជាជំនាញ និងភាសាសម្រាប់ទំនាក់ទំនង ព្រោះថាទាំងឱកាសទៅទស្សនកិច្ចសិក្សានៅក្រៅប្រទេស និងការត្រៀមប្រកួតប្រជែងទីផ្សារការងារ ក្នុងពេលបច្ចុប្បន្ននេះ និងទៅថ្ងៃអនាគត៕