(ភ្នំពេញ)៖ ក្រុមហ៊ុន KBSK បានរៀបចំកម្មវិធីចែកអំណោយ ឧបត្ថម្ភដល់ទូក «ង» ចំនួន២ គឺ១ទូកឈ្មោះ «កំហែងសុវណ្ណកុមារមហាហង្សសែនជ័យ» ដែលឈ្មោះនេះមានប្រវត្តិ តាំងពីជំនាន់សង្គមរាស្រ្តនិយម និង២ទូកឈ្មោះ «កំហែងសុវណ្ណកុមារមហាទេព»។ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ការប្រណាំងទូកតែងតែប្រារព្ធធ្វើឡើង នៅខាងមុខព្រះបរមរាជវាំង ដែលឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២១-២២ និង២៣ ខែវិច្ឆិកា ឆ្នំា២០១៨។
ដើម្បីលើកទឹកចិត្ត លើកកម្ពស់ និងអបអរព្រះរាជពិធីបុណ្យអុំទូកនេះ ក្រុមហ៊ុន KBSK ត្រៀមជាស្រេចនូវអំណោយឧបត្ថម្ភជាច្រើន ដល់គណៈកម្មការ កីឡាករទូក «ង» ចំនួនពីរនេះ សរុបមានចំនួន១៦៦នាក់ និងគណៈកម្មការរៀបចំទូកប្រណាំងចំនួន៦នាក់ទៀត។ អំណោយទំាងនោះរួមមាន អាវយឺតចំនួន៣៧៥ មួកចំនួន១៩៥ ផលិតផលនំប្រៃ AFC ចំនួន ១៩២កេស និងទឹកប្រាក់ចំនួន៦ម៉ឺនរៀល សម្រាប់ម្នាក់ៗ ដែលសរុបជាទឹកប្រាក់នៃអំណោយទាំងអស់ មានប្រមាណជិត១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោក ជង់ កញ្ចនា ប្រធាននាយកប្រតិបត្តិពីក្រុមហ៊ុន KBSK មានប្រសាសន៍ថា «ការចូលរួមផ្តល់អំណោយឧបត្តម្ភដល់កីឡាករ និង គណៈកម្មការទាំងពីរទូកនេះ គឺដើម្បីចូលរួមលើកកម្ពស់ និងជំរុញ ឲ្យមានការចូលរួមបន្ថែមពីបងប្អូនប្រជាជនកម្ពុជា សម្រាប់កីឡាប្រភេទនេះ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង»។
ពិធីប្រណាំងទូក «ង» រយៈពេលបីថ្ងៃដែលប្រារព្ធធ្វើឡើង ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវមានការចូលរួមសាមគ្គីគ្នាយ៉ាងសកម្ម ដើម្បីទទួលបានជ័យជំនះ។ គណៈកម្មការរៀបចំ ព្រះតេជគុណ ពិន សុវ៉ុន ចៅអធិការវត្ត កៀនស្វាយក្នុង និងជាប្រធានគណៈកម្មាធិការទូកនេះ មានសង្ឃដីកាថា «តំណាងឲ្យគណៈកម្មាធិការរៀបចំទូក «ង» អាត្មាសូមអរគុណ ដល់ក្រុមហ៊ុន KBSK ដែលបានធ្វើអំណោយឧបត្ថម្ភ ដល់កីឡាករទូក«ង» យើង សម្រាប់ការចេញទៅចូលរួម ការប្រណំាងទូក«ង»វគ្គផ្តាច់ព្រ័ត្ត នៅមុខព្រះបរមរាជវាំង ថ្ងៃទី ២១ ២២ និង២៣ វិច្ឆិកានេះ»។
យោងតាមសង្ឃដីការបន្តថា ទូក«ង» ដែលមាននាមថា «កំហែងសុវណ្ណកុមារមហាហង្សសែនជ័យ» បានលេចវត្តមានក្នុងការប្រណាំងទូក ក្នុងពិធីបុណ្យប្រពៃណីជាតិនេះ តាំងពីសម័យសង្គមរាស្ត្រនិយមមកម្លេះ។ កាលពីឆ្នាំ២០១៧ កន្លងទៅទូក «ង» នេះដែរ បានទទួលចំណាត់ថ្នាក់លេខ២ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្តផងដែរ។
ជាមួយគ្នានេះ លោក ចេង មុនី្នរ៉ា អភិបាលខណ្ឌច្បារអំពៅ ក៏បានថ្លែងថា «មិនថាចាញ់ ឬឈ្នះ ការចូលរួមប្រណាំងទូកនេះ សបញ្ជាក់ពីសាមគ្គីភាពរបស់បងប្អូន នៅក្នុងសហគមន៍ ក៏ដួចជាការប្រាស្រ័យទាក់ទងគ្នា និងចេះជួយយកអាសាគ្នា។ ខ្ញុំសង្ឃឹមថា បងប្អូននឹងបន្តរក្សាស្មារតីនេះតទៅមុខទៀត»។
លោក ជង់ កញ្ចនា បន្តថា «ក្នុងនាមពួកយើងជាក្រុមហ៊ុនក្នុងស្រុក ពួកយើងមានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមថែរក្សាវប្បធម៌ ទំនៀមទំលាប់ខ្មែរ ក៏ដូចជាបណ្តុះស្មារតីជួយគ្នា និងសាមគ្គីភាពនៅក្នុងសហគមន៍យើង»។
គួររំឭកថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីជ័យជំនះកងទ័ពជើងទឹកខ្មែរ លើពួកចាម ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧៕